[UPDATE] អ៊ីស្រាអែល បើកការវាយបកទៅលើប្រទេសអ៊ីរ៉ង់ ដោយវាយប្រហារលើគោលដៅយោធា

អ៊ីស្រាអែល បានបើកការវាយបកសកសឹកទៅលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា​នេះ ដោយយោធារបស់ខ្លួន បាននិយាយថាកំពុងធ្វើការវាយលុកទៅលើគោលដៅយោធា ជា​ការ​ឆ្លើយ​តប​នឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែល។

តំបន់មជ្ឈិមបូព៌ា បានស្ថិតនៅលើមាត់​ជ្រោះ​នៃ​ការ​រំពឹង​ទុក​ជាមុន​ក្នុង​ការ​សង​សឹក​របស់​អ៊ីស្រាអែល ចំពោះការបាញ់ស្រោចមីស៊ីលបាលីស្ទីកដែលបានធ្វើឡើងដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ដែលមីស៊ីលបាលីស្ទីកប្រហែល២០០គ្រាប់ ត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែល ជា​ការ​វាយ​ប្រហារដោយផ្ទាល់លើកទីពីររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល ក្នុងរយៈ​ពេល​ប្រាំ​មួយ​ខែ​កន្លង​ទៅ​នេះ។

កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារជាបន្តបន្ទាប់ជាច្រើនខែពីប្រទេសអ៊ីរ៉ង់ប្រឆាំងរដ្ឋអ៊ីស្រាអែល ពេលនេះ​កង​កម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល កំពុងធ្វើការវាយលុកលើគោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់។

អ៊ីស្រាអែល និយាយថា ខ្លួនមានសិទ្ធិ និងកាតព្វកិច្ច ក្នុងការ​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​ពី​ទី​ក្រុង​តេអេរ៉ង់ និងអ្នកតំណាងរបស់ប្រទេសនេះ ដែលរួមមានការវា​យ​ប្រហារ​ដោយ​មីស៊ីល​បាញ់​ចេញ​ពី​ទឹក​ដីអ៊ីរ៉ង់។ សមត្ថភាពការពារ និងវាយលុករបស់យើង ត្រូវបានប្រមូលផ្តុំ​យ៉ាង​ពេញ​លេញ​។

វិសាលភាពនៃការវាយប្រហារនៅពុំទាន់ច្បាស់ភ្លាមៗនៅឡើយទេ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានរា​យ​ការណ៍ថា ការផ្ទុះដ៏ខ្លាំងជាច្រើន ត្រូវបានលាន់ឮនៅជុំវិញរដ្ឋធានីតេអេរ៉ង់។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពាក់​កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ និយាយថា ការផ្ទុះក៏ត្រូវបានគេឮផងដែរនៅក្នុងទីក្រុង Karaj ដែ​ល​នៅ​ក្បែរនោះ។

ទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា គ្មានអ្វីត្រូវ​បាន​គេ​រាយការណ៍​ក្រៅតែ​អំ​ពី​ការ​ឮ​សំឡេង​រ៉ូកែត ឬយន្តហោះនៅលើអាកាស នៅទីក្រុងតេអេរ៉ង់នោះទេ រហូតមកដល់ពេលនេះ។

ទូរ​ទស្សន៍រដ្ឋ បានដកស្រង់សម្តីមន្ត្រីចារកម្មអ៊ីរ៉ង់ដែលបាននិយាយថា ប្រភពដើមនៃការផ្ទុះដ៏ខ្លាំង អាចមកពីការបើកឲ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *