អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយកាលពីថ្ងៃអាទិត្យ (២៧ តុលា) ថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត “ការល្បាតប្រយុទ្ធ” មួយផ្សេងទៀតនៅជិតកោះនេះ បន្ទាប់ពីទីក្រុងប៉េកាំង បានគំរាមចាត់វិធានការតបត ចំពោះកញ្ចប់លក់សព្វាវុធចំនួន ២ពាន់លានដុល្លារដោយសហរដ្ឋអាមេរិក។
ទីក្រុងវ៉ាស៊ីនតោន មានចំណងផ្លូវច្បាប់ក្នុងការផ្តល់មធ្យោបាយការពារខ្លួនដល់កោះតៃវ៉ាន់ ដែលចិនអះអាងសិទ្ធិ ទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ដែលនេះធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារជាបន្តបន្ទាប់។
អាជ្ញាធរតៃវ៉ាន់និយាយថា ខ្លួនបានពិនិត្យឃើញយន្តហោះយោធាចិនចំនួន ១៩គ្រឿង រួមទាំងយន្តហោះចម្បាំង Su-30 ដែលកំពុងអនុវត្ត “ការល្បាតត្រៀមប្រយុទ្ធរួមគ្នា” ជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងនាវាចម្បាំងរបស់ចិន ដែលចាប់ផ្តើមនៅព្រឹកថ្ងៃអាទិត្យ។
ចិន ធ្វើការល្បាតបែបនេះជុំវិញកោះតៃវ៉ាន់ជាច្រើនដងក្នុងមួយខែ ប៉ុន្តែនេះគឺជាលើកទីមួយហើយចាប់តាំងពីហ្គេមសង្រ្គាមទ្រង់ទ្រាយធំរបស់ទីក្រុងប៉េកាំងនៅជិតកោះក្នុងខែនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ ក្រសួងការបរទេសចិន និយាយថា ខ្លួនថ្កោលទោស និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះការលក់អាវុធចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក ហើយបាន “ដាក់ការតវ៉ាការទូត” ទៅកាន់ទីក្រុងវ៉ាស៊ីនតោន៕
Leave a Reply