កម្ពុជា-កាតា កំពុងចរចា DTA ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស​ទាំងពីរ

កម្ពុជា-កាតា ចាប់ផ្តើមប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី១ (DTA) ដោយបានកំពុងពន្លឿន កិច្ចចរចានេះឱ្យបានឆាប់ៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការ​វិនិយោគ និងការដឹកជញ្ជូន សម្រាប់ផ្តល់អត្ថប្រយោជន៍រវាងប្រទេស ទាំងពីរ។

លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និង​សហ​ប្រតិបត្តិការ​ពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅសប្តាហ៍កន្លងមកនេះ បានចូល​រួម​កិច្ច​ប្រជុំ​ចរចា​លើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-​DTA) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការ​អគ្គអាជ្ញាធរ​ពន្ធដារ ក្នុង រាជធានីដូហា រដ្ឋកាតា។

នៅក្នុងកិច្ចប្រជុំនេះ លោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធ និងការចរចា នៃ​នាយកដ្ឋានសន្ធិសញ្ញា ពន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គ​អាជ្ញាធរ​ពន្ធដារ​របស់​រដ្ឋកាតា បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ គណៈប្រតិភូ​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែលបានមកចូលរួមកិច្ចប្រជុំចរចា តបតាមការអញ្ជើញរបស់អគ្គអាជ្ញាធរពន្ធដារ នៃ​រដ្ឋ​កាតា និង បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ពន្ធដារ​ទ្វេភាគី រវាងកម្ពុជានិងកាតា, ជុំវិញបញ្ហា នេះ លោកក៏មានបំណង​ចង់​ឱ្យកា​រ​ចរចា​រវាង​ប្រទេស​ទាំង​ពីរ អាចបញ្ចប់ឱ្យបានឆាប់ តាមតែអាចធ្វើបានផងដែរ។

ជាការឆ្លើបតប លោកបណ្ឌិត សេង ជាសិទ្ធ បានសម្តែងអំណរ​គុណ​ចំពោះ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ ពីភាគីកាតា និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ភាគីកាតា ក្នុងការរៀបចំ​ឱ្យ​មាន​កិច្ច​ប្រជុំ​ចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាលក្ខណៈរូបវន្ត។ ទន្ទឹមនឹងនេះ លោក​ក៏បា​ន​ឯកភាព​ជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA នេះឱ្យបានឆាប់ ក្នុង​លោកក៏ បានលើកឡើងអំពីសារបាន ដែលនាំឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នា រៀប​ចំ​កិច្ច​ប្រជុំ​ចរចា​លើកិច្ចព្រមព្រៀង DTA ជុំទី១ ព្រមទាំងបានគូសរំលេចផងដែរអំពីសារៈសំខាន់ នៃកិច្ច​ព្រម​ព្រៀង​នេះ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេស​អត្ថ​ប្រយោជន៍ដែលសហគ្រាស ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជានិងកាតា អាច​ទទួលបានពីកិច្ច ព្រមព្រៀងនេះ។

គួរបញ្ជាក់ផងដែរថា ជុំវិញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាង​ព្រះរាជា​ណា​ចក្រកម្ពុជា ជាមួយប្រទេស នានា កំពុងមានប្រសិទ្ធភាពអនុវត្តរួមមាន៖ ប្រទេស​សិង្ហបុរី, ចិន, ថៃ, ព្រុយណេ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តំបន់​រដ្ឋបាល​ពិសេស​ហុងកុង, តំបន់រដ្ឋបាលពិសេសម៉ាកាវ, និងតួកគីជាដើម ក្នុងនោះចំពោះ​និវាសនជន​នៃ​ប្រទេស​ដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មក​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA នេះ៕ អត្ថបទ៖ សុន រ៉ាឌី