កម្ពុជា-កាតា ចាប់ផ្តើមប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាជុំទី១ (DTA) ដោយបានកំពុងពន្លឿន កិច្ចចរចានេះឱ្យបានឆាប់ៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងការដឹកជញ្ជូន សម្រាប់ផ្តល់អត្ថប្រយោជន៍រវាងប្រទេស ទាំងពីរ។
លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ នៃអគ្គនាយកដ្ឋានពន្ធដារ នៅសប្តាហ៍កន្លងមកនេះ បានចូលរួមកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជុំទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋកាតា នៅទីស្នាក់ការអគ្គអាជ្ញាធរពន្ធដារ ក្នុង រាជធានីដូហា រដ្ឋកាតា។
នៅក្នុងកិច្ចប្រជុំនេះ លោក Abdulla Ahmed Al-Sulaiti ប្រធានផ្នែកសន្ធិសញ្ញាពន្ធ និងការចរចា នៃនាយកដ្ឋានសន្ធិសញ្ញា ពន្ធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃអគ្គអាជ្ញាធរពន្ធដាររបស់រដ្ឋកាតា បានសម្តែងមតិស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ គណៈប្រតិភូអគ្គនាយកដ្ឋានពន្ធដារ ដែលបានមកចូលរួមកិច្ចប្រជុំចរចា តបតាមការអញ្ជើញរបស់អគ្គអាជ្ញាធរពន្ធដារ នៃរដ្ឋកាតា និង បានបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀង DTA ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការពន្ធដារទ្វេភាគី រវាងកម្ពុជានិងកាតា, ជុំវិញបញ្ហា នេះ លោកក៏មានបំណងចង់ឱ្យការចរចារវាងប្រទេសទាំងពីរ អាចបញ្ចប់ឱ្យបានឆាប់ តាមតែអាចធ្វើបានផងដែរ។
ជាការឆ្លើបតប លោកបណ្ឌិត សេង ជាសិទ្ធ បានសម្តែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីភាគីកាតា និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំរបស់ភាគីកាតា ក្នុងការរៀបចំឱ្យមានកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ជាលក្ខណៈរូបវន្ត។ ទន្ទឹមនឹងនេះ លោកក៏បានឯកភាពជាមួយភាគីកាតា ដើម្បីព្យាយាមបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA នេះឱ្យបានឆាប់ ក្នុងលោកក៏ បានលើកឡើងអំពីសារបាន ដែលនាំឱ្យភាគីទាំងពីរឈានដល់ការឯកភាពគ្នា រៀបចំកិច្ចប្រជុំចរចាលើកិច្ចព្រមព្រៀង DTA ជុំទី១ ព្រមទាំងបានគូសរំលេចផងដែរអំពីសារៈសំខាន់ នៃកិច្ចព្រមព្រៀងនេះ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគទៅវិញទៅមក ជាពិសេសអត្ថប្រយោជន៍ដែលសហគ្រាស ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងផ្លូវទឹក រវាងកម្ពុជានិងកាតា អាចទទួលបានពីកិច្ច ព្រមព្រៀងនេះ។
គួរបញ្ជាក់ផងដែរថា ជុំវិញកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេស នានា កំពុងមានប្រសិទ្ធភាពអនុវត្តរួមមាន៖ ប្រទេសសិង្ហបុរី, ចិន, ថៃ, ព្រុយណេ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, កូរ៉េខាងត្បូង, តំបន់រដ្ឋបាលពិសេសហុងកុង, តំបន់រដ្ឋបាលពិសេសម៉ាកាវ, និងតួកគីជាដើម ក្នុងនោះចំពោះនិវាសនជននៃប្រទេសដែលបានចុះកិច្ចព្រមព្រៀង ត្រូវដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណសម្បត្តិជាមុន មកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបានអត្ថប្រយោជន៍ពី DTA នេះ៕ អត្ថបទ៖ សុន រ៉ាឌី
Leave a Reply