មន្រ្តីជំនាញសុខភាពសត្វ ចុះចាក់វ៉ាក់សាំងជំងឺសាទឹកដល់សត្វក្របី ជាង៥០០ក្បាល

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤, លោក ចាន់ បញ្ញាវ័ន្ត ប្រធាន​ការិយាល័យ​ផលិត​កម្ម និងបសុព្យាបាលខេត្តកំពង់ធំ ដឹកនាំសហការីចុះចាក់វ៉ាក់សាំងជំងឺសាទឹក ដល់​សត្វ​ក្របី​របស់​ប្រជាពលរដ្ឋ នៅភូមិចំបក់ សង្កាត់ស្រយ៉ូវ ប្រមាណ៥១៣ក្បាល។

លោកប្រាប់ឲ្យដឹងថា ការចាក់វ៉ាក់សាំងសាទឹកនេះ ដោយកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ មាន​សត្វ​ក្របី​ឈឺ​ងាប់ប្រមាណ១៥ក្បាល នៅតាមព្រៃរនាម ដែល​ប្រជាពលរដ្ឋ​យក​ទៅ​ឃ្វាល​ខ្វះការមើលថែ។ ហើយ​មន្រ្តីជំនាញបានចុះទៅពិនិត្យ ឃើញថា ការងាប់សត្វក្របី គឺ​ដោយ​សារ​ជំងឺ​សាទឹក ព្រោះ​ប្រជាពលរដ្ឋមិនបានធ្វើវ៉ាក់សាំង កាលពីអំឡុងខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ ក្នុង​ពេលមន្រ្តីជំនាញសុខភាពសត្វ ផ្សព្វផ្សាយឲ្យយកមកចាក់នៅតាមភូមិ។ លោកបញ្ជាក់ថា បច្ចុប្បន្ន​ក្របី នៅក្នុងសង្កាត់ស្រយ៉ូវ សរុបមានប្រមាណជិត១០០០ក្បាល ឈឺ៤៥ក្បាល កំពុង​ពិនិត្យ និងព្យាបាល ដាក់នៅដោយឡែក។ ចំពោះរោគសញ្ញជំងឺសាទឹក មានដូចជា សត្វហើមក កម្តៅ​ខ្លួនឡើងខ្លាំង ហៀរសំបោរ មិនស៊ីចំណី និងហើមពោះ។ លោកអំពាវនាវដល់ប្រជាពលរដ្ឋ ដែល​ជាម្ចាស់សត្វទាំងអស់ពិនិត្យ និងតាមដានសុខភាពសត្វរបស់ខ្លួន ក្នុងករណីសង្ស័យថា សត្វឈឺ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងភ្នាក់ងារសុខភាពសត្វភូមិ រាយការណ៍​បន្ត​មក​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ហើយមន្ទីរនិងបញ្ជូនមន្ត្រីជំនាញចុះទៅដល់មូលដ្ឋាន ដើម្បី​ឱ្យគាត់ចុះទប់ស្កាត់ និងមានវិធានការការពារកុំឱ្យមានជំងឺឆ្លងទៅសត្វដ៍ទៃទៀត ឱ្យបាន​ទាន់​ពេល​វេលា៕