ក្រុមហាម៉ាស ថាខ្លួនបង្កើតការរំពឹងទុកយ៉ាងទូលំទូលាយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ហ្កាហ្សា

ក្រុមហាម៉ាស នៅថ្ងៃពុធ (១២ មិថុនា) នេះបាននិយាយថា ការឆ្លើយតប «ជាវិជ្ជមាន» របស់ខ្លួនចំពោះផែនការបទឈប់បាញ់របស់អាមេរិក សម្រាប់សង្គ្រាមរយៈពេលប្រាំបីខែនៅតំបន់ហ្កាហ្សាស្ទ្រីប បានបើក «ផ្លូវធំទូលាយ» ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ប៉ុន្តែចក្ខុវិស័យមិនប្រាកដប្រជាទេ ខណៈក្រុមប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនបង្ហាញជាសាធារណៈពីប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀង។

ក្រុមហាម៉ាស បានដាក់ការឆ្លើយតបជាផ្លូវការរបស់ខ្លួនកាលពីថ្ងៃអង្គារ ចំពោះសំណើដែលលើកឡើងដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី៣១ ខែឧសភា។ អ៊ីស្រាអែល បាននិយាយថាការឆ្លើយតបនេះគឺស្មើនឹងការបដិសេធ ខណៈមន្ត្រីហាម៉ាស និយាយថាក្រុមនេះគ្រាន់តែបញ្ជាក់ឡើងវិញនូវការទាមទារជាយូរមកហើយដែលមិនទាន់បានបំពេញ តាមរយៈផែនការបច្ចុប្បន្នប៉ុណ្ណោះ។

អេហ្ស៊ីប និងកាតាបាននិយាយថា ពួកគេបានទទួលការឆ្លើយតបពីក្រុមហាម៉ាស ប៉ុន្តែមិនបានបង្ហាញខ្លឹមសារនោះទេ។ នៅព្រឹកថ្ងៃពុធនេះ លោក អ៊ីហ្សាត អាល់-រីស (Izzat al-Rishq) សមាជិកការិយាល័យនយោបាយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចម្លើយរបស់ក្រុមនេះគឺ «មានភាពទទួលខុសត្រូវ ម៉ឹងម៉ាត់ និងវិជ្ជមាន» ព្រមទាំង «បើកផ្លូវធំទូលាយ» សម្រាប់កិច្ចព្រមព្រៀងមួយ។

សហរដ្ឋអាមេរិក បាននិយាយថា អ៊ីស្រាអែលបានទទួលយកសំណើរបស់ខ្លួន ប៉ុន្តែអ៊ីស្រាអែល មិនបានបញ្ជាក់ជាសាធារណៈអំពីរឿងនេះទេ។ ខណៈដែលអ៊ីស្រាអែលបានបន្តការវាយលុកនៅតំបន់ហ្កាហ្សាភាគកណ្តាល និងភាគខាងត្បូង ដែលស្ថិតក្នុងចំណោមសង្រ្គាមបង្ហូរឈាមបំផុតនោះ លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយម្តងហើយម្តងទៀតថា អ៊ីស្រាអែលនឹងមិនប្តេជ្ញាបញ្ចប់យុទ្ធនាការរបស់ខ្លួននៅហ្កាហ្សាទេ មុនពេលក្រុមហាម៉ាស ត្រូវបានកម្ចាត់៕