អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់របស់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាពិភពលោក និងធ្វើពាណិជ្ជកម្ម

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា អាស៊ានកំពុងក្លាយជាដៃគូដ៏សំខាន់មួយរបស់អន្តរជាតិ ក្នុងការសន្ទនា ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ពិភព​លោក និងការធ្វើពាណិជ្ជកម្មជាមួយគ្នា ខណៈកម្ពុជាក៏បានដើរតួយ៉ាងសកម្មផងដែរ លើ​កិច្ច​កា​រ​នយោបាយការបរទេស ។

ក្នុងឱកាសធ្វើជាវាគ្មិន នៃវេទិកាពិភាក្សា លើប្រធានបទ គោលនយោបាយការបរទេសកម្ពុជា ក្នុង​បរិបទអាស៊ាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុង​នាម​ជា​សមាជិក ប្រទេសអាស៊ានទាំង១០ គឺមានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ឬធំនោះទេ ដែល​រាល់​ការ​សម្រេចណាមួយ ក្នុងក្របខណ្ឌអាស៊ាន ប្រទេសសមាជិកទាំងអស់ គឺមានសិទ្ធិស្មើគ្នា ក្នុង​ការ​សម្រេច ដូចនេះហើយ ការសម្រេចរបស់អាស៊ាន ត្រូវមានការពិភាក្សាគ្នា និងកុងសងស៊ីស ។

ឯកឧត្តម បានបន្តថា ក្នុងរយៈពេល២០ឆ្នាំមកនេះ ប្រជាប្រិយភាព និងសារសំខាន់របស់អាស៊ាន មាន​ការកើនឡើងច្រើន ដោយមានប្រទេសជាច្រើន ស្នើសុំធ្វើដៃគូជាមួយអាស៊ាន ដែលបច្ចុប្បន្ន​មាន​ដៃគូ​សន្ទនារហូតដល់ ១១ប្រទេស ខណៈប្រទេសជាច្រើនទៀត ចង់បង្កើតកម្រិត ធ្វើ​ជា​ដៃគូ​សន្ទនា​ដែរ។

រដ្ឋលេខាធិការក្រសួងការបរទេសរូបនេះ បានបន្ថែមថា អាស៊ានមានដៃគូចំនួន ៣ប្រភេទ ដោយ​អាស៊ាន​អាច​រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ឬក្នុងកិច្ចការចាំបាច់ណាមួយ តម្លើងដល់​កិច្ច​ប្រជុំ​កំពូល ក្នុងនោះក៏មានដៃគូសន្ទនាតាមវិស័យ និងការសន្ទនាលើការងារអភិវឌ្ឍផងដែរ ។

ឯកឧត្តម គង់ ភោគ បានបន្តទៀតថា អាស៊ានក៏អាចផ្ដល់ទៅពិភពលោកដែរនោះ គឺការ​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ខណៈអាស៊ាននាពេលបច្ចុប្បន្ន មានប្រជាជនជិត ៧០០លាននាក់ ហើយ​ទំហំ GDP ក៏ធំផងដែរ ។

គួរបញ្ជាក់ថា ការបង្ហាញខ្លួនធ្វើជាដៃគូសន្ទនារបស់អន្តរជាតិ ជាមួយអាស៊ាន គឺស្ដែងចេញ ជា​ពិសេស​ពេល​បើកកិច្ចប្រជុំកំពូលអាស៊ាន ដែលមានកិច្ចពហុភាគី និងកិច្ចប្រជុំបូកជាដើម៕ អត្ថបទ បាន សុខរិទ្ធិ