ដំណាក់កាលទី ៣នៃយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងដែលបានពន្យាពេលនៅតំបន់ហ្កាហ្សា បានចាប់ផ្តើមឡើងវិញហើយកាលពីថ្ងៃសៅរ៍ ក្រោយរងការទម្លាក់គ្រាប់បែកពីអ៊ីស្រាអែល ការជម្លៀសខ្លួនទ្រង់ទ្រាយធំ និងកង្វះខាតការចូលដល់ជំនួយមនុស្សធម៌ ។
គ្រួសារដែលមានកូនតូចៗ បានតម្រង់ជួរសម្រាប់ការទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាពមួយកន្លែងក្នុងទីក្រុងហ្សាហ្សា ។
យុទ្ធនាការផ្តល់វ៉ាក់សាំងនេះ បានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែកញ្ញា ក្រោយអង្គការសុខភាពពិភពលោក(WHO)បញ្ជាក់ថា ទារកម្នាក់មានពិការភាពអវៈយវៈខ្លះដោយសារវីរុសប្រភេទ ២ របស់ជំងឺស្វិតដៃជើង កាលពីខែសីហា ។ វាគឺជាករណីឆ្លងលើកដំបូងគេនៅដែនដីមួយនេះ ក្នុងរយៈពេល ២៥ឆ្នាំ ។
អង្គការ WHO និងមូលនិធិកុមារអន្តរជាតិអង្គការសហប្រជាជាតិ(UNICEF) និយាយថា បច្ចុប្បន្នយុទ្ធនាការផ្តល់វ៉ាក់សាំងបង្ការជំងឺស្វិតដៃជើង គ្របដណ្តប់តែទីក្រុងហ្កាហ្សាមួយប៉ុណ្ណោះ ។
ដំណាក់កាលផ្តាច់ព្រ័ត្រនៃយុទ្ធនាការផ្តល់វ៉ាក់សំាងបង្ការជំងឺស្វិតដៃជើង មានគោលដៅសម្រេចបានកុមារចំនួន ១១៩.០០០នាក់ មានអាយុក្រោម ១០ឆ្នាំ នៅតំបន់ភាគខាងជើងហ្កាហ្សា ជាមួយនឹងដូសទី ២នៃវ៉ាក់សាំងបង្ការជំងឺស្វិតដៃជើងមួយនេះ ៕
Leave a Reply