PPM និង FAES Farma ពួតដៃគ្នាដើម្បីភាពអស្ចារ្យនៃដៃគូពាណិជ្ជកម្ម

ភ្នំពេញ ÷ ក្រុមហ៊ុន PPM ដែលជាសហគ្រាសផលិតឱសថធំបំផុតនៅកម្ពុជា ចាប់ដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ហ្វាអែស ហ្វាម៉ា (FAES Farma) ប្រទេសអេស្ប៉ាញ ជាក្រុមហ៊ុនឱសថល្បីលំដាប់ពិភពលោក ដើម្បីផ្តល់ជូននូវផលិតផលឱសថដែលមានគុណភាព ខ្ពស់ និងប្រកបដោយភាពច្នៃប្រឌិតសម្រាប់ទីផ្សារកម្ពុជា។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកក្រុមហ៊ុន PPM លើកឡើងនៅក្នុងពិធីប្រកាសដៃគូពាណិជ្ជកម្មរវាង PPM និង FAES Farma នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា PPM គឺជាសហគ្រាសផលិតឱសថដែលមានវ័យចំណាស់ ដូច FAES Farma ព្រោះ PPM មានផលិតផលឱសថ «គីណាល់» ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦០។ ហើយ FAES Farma ក៏ដូចគ្នា ដែលជាសហគ្រាសផលិតឱសថ មានវត្តមានតាំងពីមុនសង្គ្រាមលោកលើកទី២មកម្ល៉េះ។ ដូចនេះសហគ្រាសទាំង ពីរនេះ សុទ្ធតែជាសហគ្រាសផលិតឱសថចាស់ទុំដូចគ្នា ហើយនេះជាការធម្មតាដែលយើងចាប់ដៃគ្នា ដោយសារសុទ្ធតែមាន បទពិសោធដ៏សម្បូរបែប នៅក្នុងវិស័យឱសថសាស្រ្តនេះ។

ឧកញ៉ាឱសថបណ្ឌិត បន្តថា ការចាប់ដៃគ្នារវាង PPM និង FAES ដោយសារតែសហគ្រាសមានទិសដៅដូចគ្នា ជាពិសេស យើងមានផលិតផលប្រកបទៅដោយគុណភាពក្នុងការពង្រីកចូលទីផ្សាររួមគ្នា ព្រោះគ្រប់ផលិតផលទាំងអស់របស់ PPM និង FAES ជាផលិតផលដែលអាចឆ្លើយតបគ្នាទៅវិញទៅមកនៅលើទីផ្សារ។ ឧកញ៉ា សង្ឃឹមថា ការចាប់ដៃគ្នារវាង PPM និង FAES នឹងធ្វើឱ្យ គេកាន់តែស្គាល់ផលិតផលរបស់សហគ្រាស ក៏ដូចជាការចែករំលែកនូវបទពិសោធល្អៗរៀងៗខ្លួនទៅវិញទៅមក ក្នុងការចូលរួមលើក តម្កើងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ដោយទទួលបាននូវឱសថដែលមានគុណភាពល្អ និងសុវត្ថិភាពក្នុងការប្រើប្រាស់។

ចំណែកលោក Alberto Montero តំណាង ហ្វាអែសហ្វាម៉ា (FAES Farma) លើកឡើងថា កម្ពុជាគឺជាទីផ្សារសំខាន់ ដែលជាផ្នែកមួយនៃផែនការពង្រីកវត្តមាន FAES នៅអាស៊ីអាគ្នេយ៍, ហើយលោកមានជំនឿយ៉ាងមុតមាំថា PPM ដែលជាក្រុមហ៊ុន ផលិត និងចែកចាយឱសថក្នុងស្រុកដ៏ធំនិងឈានមុខគេ ដែលផ្តោតសំខាន់ទៅលើគុណភាព និងភាពច្នៃប្រឌិតខ្ពស់សម្រាប់ផលិតផលឱសថ គឺជាដៃគូដ៏ល្អបំផុតសម្រាប់ក្រុមហ៊ុន FAES Farma។

ព្រឹត្តិការណ៍ «ការពួតដៃគ្នាដើម្បីភាពអស្ចារ្យ» នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលបង្ហាញពីភាពស័ក្តិសមឥតខ្ចោះរវាង PPM Pharma និង FAES Farma។ ការចាប់ដៃគូនេះនឹងនាំមកនូវផលិតផលឱសថដែលមានគុណភាពខ្ពស់ កាន់តែសម្បូរបែប ដែលរួមបញ្ចូលទាំងការស្រាវជ្រាវ និងអភិវឌ្ឍន៍ច្នៃប្រឌិតរបស់ FAES Farma ជាមួយជំនាញនិងបណ្តាញចែកចាយទូលំទូលាយ របស់សហគ្រាស PPM នៅកម្ពុជា។ ហើយការចាប់ដៃគូរវាងក្រុមហ៊ុនផលិតឱសថដ៏ធំទាំងពីរនេះ រំពឹងថា នឹងចូលរួមចំណែកដល់ការសេដ្ឋកិច្ចក្នុងស្រុក តាមរយៈការបង្កើតឱកាសការងារ និងលើកកម្ពស់សហគមន៍ ឱ្យមានសុខភាពល្អ និងគាំទ្រដល់គម្រោងគោល ដៅអភិវឌ្ឍន៍ជាតិរបស់យើងផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី