ម្ចាស់ផ្ទះ COP29 អាស៊ែបៃហ្សង់ រិះគន់លោកខាងលិច ចំពោះឧស្សាហកម្មប្រេង និងឧស្ម័ន

លោកប្រធានាធិបតីរបស់ប្រទេសអាស៊ែបៃហ្សង់ដែលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំនេះ បានរិះគន់លោកខាងលិចចំពោះឧស្សាហកម្មប្រេងនិងឧស្ម័នរបស់ប្រទេសលោកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

នៅក្នុងសុន្ទរកថាសំខាន់របស់លោកនៅឯកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP29 ជាទីដែលប្រទេសជិត ២០០ កំពុងចរចាអំពីសកម្មភាពជាសកលស្តីពីការប្រែប្រួលអាកាសធាតុ លោកប្រធានាធិបតី អ៊ីហាំ ឡេលីយ៉េវ ( Ilham Aliyev) បានពណ៌នាប្រទេសរបស់លោកថាជាជនរងគ្រោះនៃយុទ្ធនាការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ។

ជាមួយគ្នានោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឡើងលើវេទិកាដើម្បីសង្គត់ធ្ងន់លើឥន្ធនៈហ្វូស៊ីល ថាជាយុទ្ធសាស្ត្រមិនសមហេតុផល។

ទស្សនៈផ្ទុយគ្នា បានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលជាបេះដូងនៃការចរចាអាកាសធាតុ ខណៈ ប្រទេសនានាត្រូវបានជំរុញឱ្យផ្លាស់ប្តូរទៅរកប្រភពថាមពលបៃតង ភាគច្រើនរួមទាំងប្រទេសលោកខាងលិចដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបន្តពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

ក្រសួងហិរញ្ញវត្ថុរបស់ប្រទេស អាស៊ែបៃហ្សង់ បាននិយាយថា ចំណែកនៃប្រេង និងឧស្ម័ន ជាការរួមចំណែកដល់សេដ្ឋកិច្ចកំពុងធ្លាក់ចុះ ។

សហរដ្ឋអាមេរិកជាប្រទេសផលិតប្រេង និងឧស្ម័នធំជាងគេរបស់ពិភពលោក។ ទន្ទឹមនឹងនោះបណ្តាប្រទេសនៅអឺរ៉ុបមានគោលដៅតឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោកក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅត្រឹមឆ្នាំ ២០៣០ ប៉ុន្តែក៏បានធានាផងដែរលើការផ្គត់ផ្គង់ឧស្ម័នថ្មី បន្ទាប់ពីការលុកលុយពេញបន្ទុករបស់រុស្ស៊ីកាលពីឆ្នាំ ២០២២ លើអ៊ុយក្រែន៕