ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតជូន ឯកអគ្គរាជទូតអេស្ប៉ាញប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាត​ជូន ឯកអគ្គរាជទូតអេ​ស្ប៉ា​ញប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

មានប្រសាសន៍ក្នុងជំនួបនាឱកាសនេះ ឯកឧត្តម Felipe De La Morena Casado បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តមផ្ទាល់ និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងនោះដែរ ឯកឧត្តមឯកអគ្គរាជទូតក៏បានបញ្ជាក់អំពីការតាំងចិត្តក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចការងារវិនិយោគរវាងកម្ពុជា និង​អេ​ស្ប៉ា​ញផងដែរ។ បន្ថែមពីនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងអំពីកង្វល់មួយចំនួនក្នុងកិច្ចការងារទាក់ទាញ និងជំរុញវិនិយោគ ជាទាមទារឱ្យកម្ពុជាពិនិត្យនិងសម្របសម្រួលដោះស្រាយឱ្យបានកាន់តែល្អប្រសើរផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើសុំទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការពិនិត្យលទ្ធភាពសម្របសម្រួលរៀបចំវេទិការធុរកិច្ចក្នុងប្រទេសកម្ពុជា ដើម្បីបញ្ជ្រាបព័ត៌មានវិនិយោគ និងវិស័យលើកទឹកចិត្តនានា ជូនដល់ធុរជនអេ​ស្ប៉ា​ញបន្ថែមទៀត។ ទន្ទឹមនិងនេះ ឯកឧត្តម ក៏បានឆ្លៀតឱកាសនេះដើម្បីសាកសួរអំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៅកាន់​ប្រទេសអេ​ស្ប៉ា​ញ កាលពីខែមិថុនាកន្លងទៅផងដែរ។

ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីលទ្ធផលយ៉ាងល្អប្រសើរ និងប្រកបដោយផ្លែផ្កាដែលទទួលបានពីបេសកកម្មគោះទ្វារវិនិយោគនៅប្រទេសអេ​ស្ប៉ា​ញ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសហការរៀបចំជាមួយបណ្ដាក្រសួងស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធ កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ការគាំទ្រយ៉ាងពេញទំហឹងចំពោះក្រុមហ៊ុនអេស្ប៉ាញ ដែលគ្រោងនឹងបណ្ដាក់ទុនវិនិយោគនៅកម្ពុជានាឱកាសនាមួយខាងមុខផងដែរ។