មេដឹកនាំរុស្ស៊ី ព្រមានសហរដ្ឋអាមេរិកពីគោលនយោបាយនុយក្លេអ៊ែរថ្មីក្រោយអ៊ុយក្រែនបាញ់ចូលជ្រៅក្នុងទឹកដីរបស់ខ្លួន
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin កាលពីថ្ងៃអង្គារទី១៩វិច្ឆិកាសប្ដាហ៍នេះ បានបន្ទាបកម្រិតនៃការវាយប្រហារដោយនុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹងការវាយប្រហារដែលទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែន បានវាយប្រហារយ៉ាងជ្រៅចូលក្នុងប្រទេសរុស្ស៊ី ដោយប្រើមីស៊ីល ATACMS ផលិតដោយសហរដ្ឋអាមេរិក បន្ទាប់ពីលោកBiden បើកដៃ។
លោក Putin បានអនុម័តការប្រែប្រួលនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីអាមេរិកពីររូប និងប្រភពដែលដឹងពីការសម្រេចចិត្តនេះបាននិយាយកាលពីថ្ងៃអាទិត្យថារដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធផលិតដោយសហរដ្ឋអាមេរិកវាយប្រហារចូលទៅយ៉ាងជ្រៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។
រុស្ស៊ី បានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើ ក្រុងវ៉ាស៊ីនតោនបើកភ្លើងខៀវឲ្យអ៊ុយក្រែនបាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីនោះ ទីក្រុងមូស្គូនឹងចាត់ទុកសមាជិកណាតូទាំងនោះ ថាបានពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
យោងតាមក្រឹត្យដែលបានចេញផ្សាយ គោលការណ៍នុយក្លេអ៊ែររុស្ស៊ីដែលបានធ្វើបច្ចុប្បន្នភាឬ update ដោយបង្កើតក្របខ័ណ្ឌសម្រាប់លក្ខខណ្ឌដែលមេដឹកនាំរុស្ស៊ីអាចបញ្ជាឱ្យមានការវាយប្រហារពីឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ត្រូវបានអនុម័តដោយរូបលោកកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ ។
ក្រុមអ្នកវិភាគបាននិយាយថា ការផ្លាស់ប្តូរដ៏ធំបំផុតនោះគឺថា រុស្ស៊ីអាចពិចារណាការវាយប្រហារនុយក្លេអ៊ែរជាការឆ្លើយតបទៅនឹងការវាយប្រហារលើប្រទេសរុស្ស៊ី ឬសម្ព័ន្ធមិត្តរបស់ខ្លួន គឺ បេឡារុស ដែល បានបង្កើតការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងឬ បូរណភាពទឹកដីរបស់ពួកគេ៕

Leave a Reply