យោងតាមប្រភពបានឱ្យដឹងថា កងយុទ្ធជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់រាប់រយនាក់បានឆ្លងចូលទៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃចន្ទសប្ដាហ៍នេះដើម្បីជួយរដ្ឋាភិបាលប្រយុទ្ធប្រឆាំងក្រុងឧទ្ទាមដែលបានដណ្តើមកាន់កាប់ក្រុងអាឡេប៉ូកាលពីសប្តាហ៍មុន ប៉ុន្តែនៅពេលនេះ ក្រុមហេសបូឡារបស់ប្រទេសលីបង់ គ្មានផែនការចូលរួមជាមួយពួកគេទេ។
សម្ព័ន្ធមិត្តក្រុមជីវពលក្នុងតំបន់គាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានផ្តល់ជំនួយវាយប្រហារអាកាសរបស់រុស្ស៊ី គឺជាកត្តាសំខាន់ចំពោះជោគជ័យនៃកងកម្លាំងគាំទ្ររដ្ឋាភិបាលក្នុងការបង្ក្រាបក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី ដែលបានក្រោកប្រឆាំងលោកប្រធានាធិបតី Bashar al-Assad ក្នុងឆ្នាំ២០១១។
ប៉ុន្តែសម្ព័ន្ធភាពនោះប្រឈមនឹងការសាកល្បងថ្មីមួយ បន្ទាប់ពីការវាយលុកកាលពីសប្តាហ៍មុនដោយក្រុមឧទ្ទាមនៅភាគពាយព្យនៃប្រទេសស៊ីរី ខណៈរុស្ស៊ី រវល់តែផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន ហើយការដឹកនាំរបស់ហេសបូឡា ត្រូវបានបំផ្លាញដោយសង្រ្គាមជាមួយអ៊ីស្រាអែលដែលបានបញ្ចប់នៅក្នុងបទឈប់បាញ់កាលពីសប្តាហ៍មុន។
ការវាយដណ្ដើមទីក្រុងអាឡេប៉ូ គឺជាជោគជ័យដ៏ធំបំផុតរបស់យុទ្ធជនប្រឆាំងលោក Assad អស់ពេលជាច្រើនឆ្នាំ។ កងកម្លាំងរដ្ឋាភិបាលបានគ្រប់គ្រង ទីក្រុង អាឡេប៉ូ ទាំងស្រុង ចាប់តាំងពីបានដណ្តើមយកទីក្រុងដ៏ធំបំផុតរបស់ប្រទេសស៊ីរីក្នុងការឡោមព័ទ្ធក្នុងឆ្នាំ ២០១៦ ជាចំណុចរបត់ដ៏សំខាន់មួយនៃសង្រ្គាមដែលបានសម្លាប់មនុស្សរាប់សែននាក់។
ប្រធានក្រុមប្រឆាំងដ៏សំខាន់របស់ប្រទេសស៊ីរីនៅក្រៅប្រទេស លោក Hadi al-Bahra បានប្រាប់សារព័ត៌មាន Reuters ថា ក្រុមឧទ្ទាមអាចដណ្តើមយកទីក្រុងនេះបានយ៉ាងលឿន ដោយសារតែក្រុម ហេសបូឡា និងក្រុមផ្សេងទៀតដែលគាំទ្រដោយអ៊ីរ៉ង់ ត្រូវបានរំខានដោយជម្លោះរបស់ពួកគេជាមួយអ៊ីស្រាអែល៕
Leave a Reply