រដ្ឋាភិបាលបារាំង ប្រឈមការដួលរលំ ខណៈក្រុមឆ្វេងនិយម និងស្តាំនិយមជ្រុលដាក់ញត្តិដកសេចក្ដីទុកចិត្ត

រដ្ឋាភិបាលបារាំង កំពុងប្រឈមភាពប្រាកដប្រជាកាន់តែខ្លាំងឡើងថានឹងត្រូវដួលរលំនៅចុងសប្តាហ៍នេះ បន្ទាប់ពីគណបក្សស្តាំនិយមជ្រុល និងឆ្វេងនិយម បានរួមគ្នាដាក់ញត្តិដកសេចក្ដីទុកចិត្តកាលពីថ្ងៃចន្ទ (០២ ធ្នូ) ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី មីស្ហែល បានីយ៉េ (Michel Barnier)។

ក្រុមវិនិយោគិនបានដាក់ទណ្ឌកម្មភ្លាមៗទៅលើទ្រព្យសកម្មរបស់បារាំង ខណៈបញ្ហាដ៏ចម្រូងចម្រាស់ចុងក្រោយបំផុតនេះបានធ្វើឱ្យសេដ្ឋកិច្ចធំបំផុតទីពីររបស់តំបន់ចាយប្រាក់អឺរ៉ូ ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយ ដោយមានការសង្ស័យយ៉ាងធ្ងន់ធ្ងរទៅលើថា តើថវិកាប្រចាំឆ្នាំនឹងត្រូវបានអនុម័តឬទេ។

មេដឹកនាំបក្សរួបរួមកម្លាំងជាតិ (RN) ស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) បានប្រាប់អ្នកយកព័ត៌មានក្នុងសភាថា “បារាំងរងទុក្ខឆ្អែតឆ្អន់ហើយ” ដោយនិយាយថាលោក Barnier ដែលទើបតែក្លាយជានាយករដ្ឋមន្ត្រីនៅដើមខែកញ្ញា បានធ្វើឱ្យបញ្ហាកាន់តែអាក្រក់ទៅៗ ហើយចាំបាច់ត្រូវតែបង្ខំឱ្យចុះចេញពីតំណែង។

ដោយទប់ទល់នឹងការភ្ញាក់ផ្អើលនៅនាទីចុងក្រោយ ក្រុមចម្រុះដ៏ផុយស្រួយរបស់លោក Barnier នឹងក្លាយជារដ្ឋាភិបាលបារាំងដំបូងគេ ដែលត្រូវបានបង្ខំឱ្យចាកចេញដោយការបោះឆ្នោតដកសេចក្ដីទុកចិត្តចាប់តាំងពីឆ្នាំ១៩៦២ មក។

ការដួលរលំរដ្ឋាភិបាលនឹងបន្សល់ទុកនូវចន្លោះប្រហោងមួយនៅចំកណ្តាលអឺរ៉ុប ដោយអាល្លឺម៉ង់ក៏កំពុងស្ថិតក្នុងដំណើរការបោះឆ្នោតផងដែរ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះមុនពេលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ចូលអង្គុយកៅអីសេតវិមានឡើងវិញ៕