ការដួលរលំរបស់រដ្ឋាភិបាលប្រទេសបារាំង កាលពីថ្ងៃពុធ (០៤ វិច្ឆិកា) និងការខកខានមិនបានអនុម័តគម្រោងថវិកា អាចធ្វើឱ្យទីក្រុងប៉ារីស លំបាកក្នុងការបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន បើទោះបីជាលោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានសន្យាម្តងហើយម្តងទៀតថានឹងជួយទីក្រុងគីវ ឱ្យបានយូរតាមតែភាពចាំបាច់ក៏ដោយ។
បារាំង កាលពីខែវិច្ឆិកា បានបញ្ចប់ការហ្វឹកហ្វឺនទាហានអ៊ុយក្រែន ប្រហែល ២.០០០នាក់ រួមទាំងការផ្តល់រថពាសដែកសម្រាប់ចល័តទ័ព និងយានឈ្លបយកការណ៍ស៊ីហ្សា (Caesar) អង្គភាពប្រឆាំងរថក្រោះ មីស៊ីលបាញ់់ពីដីទៅអាកាស និងរ៉ាដាសមរភូមិ រួមទាំងគ្រឿងយុទ្ធោបករណ៍ផ្សេងទៀត។
ទោះបីជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក សេបាទ្យាន លេក័រនុយ (Sebastien Lecornu) ដែលជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់តំណែងនាយករដ្ឋមន្ត្រីនាពេលអនាគត បាននិយាយរួចហើយកាលពីខែតុលាថា បារាំងអាចនឹងខ្វះខាតប្រាក់សន្យាចំនួន ៣ពាន់លានអឺរ៉ូ (៣,១៦ ពាន់លានដុល្លារ) សម្រាប់ឆ្នាំ២០២៤ ជាមួយនឹងតួលេខនេះគឺលើសពី ២ពាន់លានអឺរ៉ូ។
ថ្លែងនៅមុនការបោះឆ្នោតដកសេចក្ដីទុកចិត្តកាលពីថ្ងៃពុធ ដែលមើលឃើញរដ្ឋាភិបាលរបស់លោក មីស្ហែល បានីយ៉េ (Michel Barnier) ដួលរលំ លោក Lecornu បាននិយាយថា នឹងមានផលប៉ះពាល់ដល់ការគាំទ្ររបស់បារាំង សម្រាប់អ៊ុយក្រែន ដោយសារតែថវិកាជាតិមិនត្រូវអនុម័ត។
លោក Lecornu បន្ថែមថា ដោយមិនអនុម័តថវិកាឆ្នាំ២០២៥ ដែលនឹងមានន័យថា តួលេខថវិកាឆ្នាំ២០២៤ នឹងត្រូវប្រើឡើងវិញនៅឆ្នាំក្រោយ ថវិកាការពារជាតិនឹងមិនឈានដល់គោលដៅ ៥០ពាន់លានអឺរ៉ូនោះទេ ហើយបង្ហាញពីការកាត់បន្ថយសម្រាប់កងទ័ពចំនួន ៣,៣ពាន់លានអឺរ៉ូ៕
Leave a Reply