ទូរទស្សន៍ ABC យល់ព្រមបង់ប្រាក់ ១៥លានដុល្លារដល់បណ្ណាល័យប្រធានាធិបតីរបស់លោក Trump ដើម្បីដោះស្រាយពាក្យបណ្តឹង

ឯកសារតុលាការបង្ហាញកាលពីថ្ងៃសៅរ៍ថា ទូរទស្សន៍ ABC News បានយល់ព្រមបង់ប្រាក់ ១៥លានដុល្លារដល់បណ្ណាល័យប្រធានាធិបតីរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីដោះស្រាយពាក្យបណ្តឹង ជុំវិញសេចក្តីអត្ថាធិប្បាយដែលពិធីករ George Stephanopoulos បានបង្កើតឡើង អំឡុងពេលកំពុងផ្សាយពាក់ព័ន្ធនឹងករណីស៊ីវិលនំមកតទល់ជាមួយលោក Trump ដោយអ្នកនិពន្ធ Jean Carroll ។

បណ្តឹងដែលបានដាក់កាលពីថ្ងៃទី ១៩ ខែមីនា នៅតុលាការស្រុកសហរដ្ឋអាមេរិក ស្ថិតនៅតំបន់ Southern Florida បានចោទប្រកាន់លោក Stephanopoulos ថាបានបង្កើតសេចក្តីអត្ថាធិប្បាយព្យាបាទ និងមិនពាក់ព័ន្ធនឹងការពិត ។ បណ្តឹងនិយាយថា សេចក្តីថ្លែងការណ៍នោះ ត្រូវបានចែកចាយយ៉ាងទូលំទូលាយ និងម្តងហើយម្តងទៀត ។

អ្នកនាំពាក្យទូរទស្សន៍ ABC News និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងសូមបញ្ជាក់ថា ភាគីទាំងអស់ បានឈានដល់ការព្រមព្រៀងគ្នាមួយ ដើម្បីដកពាក្យបណ្តឹងជុំវិញឯកសារនៅតុលាការ ។

ពាក្យបណ្តឹងបានលើកឡើងពីបទសម្ភាសន៍កាលពីថ្ងៃទី ១០ ខែមីនា ជាមួយសមាជិកសភាសហរដ្ឋអាមេរិកលោកស្រី Nancy Mace គឺជាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋដែលបាននិយាយជាសាធារណៈពីការត្រូវបានគេចាប់រំលោភសេពសន្ថវៈកាលនៅគាត់នៅក្មេងវ័យ ។

អំឡុងបទសម្ភាសន៍នោះ លោក Stephanopoulos បាននិយាយថា លោក Trump ត្រូវទទួលខុសត្រូវចំពោះករណីចាប់រំលោភនេះ ហើយនិងបានសួរទៅលោកស្រី Nancy ថាតើគាត់អាចគាំទ្របេក្ខជនម្នាក់នេះ តាមវិធីណា ។

យោងតាមសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា នៅថ្ងៃអាទិត្យនេះទូរទស្សន៍ ABC News ត្រូវតែចុះផ្សាយនូវសេចក្តីថ្លែងការណ៍របស់អត្ថបទតាមអនឡាញថ្ងៃទី ១០ ខែមីនា អមដោយបទសម្ភាសន៍ ៕