មន្ត្រីជាន់ខ្ពស់ក្នុងតំបន់របស់បារាំង បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ ធ្នូ) ថា មនុស្សរាប់រយនាក់ ឬអាចជារាប់ពាន់នាក់ ប្រហែលបានបាត់បង់ជីវិត នៅពេលដែលព្យុះស៊ីក្លូន ឈីដូ (Chido) ដ៏មានឥទ្ធិពលបំផុតក្នុងរយៈពេលជិតមួយសតវត្សរ៍ បានវាយប្រហារលើប្រជុំកោះ ម៉ាយ៉ូត (Mayotte) នៃមហាសមុទ្រឥណ្ឌារបស់បារាំង។
អភិបាលតំបន់ លោក ហ្វ្រង់ស្វ័រ-សាវីយេ ប៊ីវវីល (Francois-Xavier Bieuville) បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយក្នុងស្រុកថា “ខ្ញុំគិតថាប្រាកដជាមានមនុស្សរាប់រយ ប្រហែលជាអាចនឹងឈានដល់មួយពាន់ ឬច្រើនពាន់នាក់ បានស្លាប់នៅក្នុងព្យុះដ៏កាចសាហាវនោះ”។
នៅពេលសាកសួរអំពីចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ក្រសួងមហាផ្ទៃបារាំងបាននិយាយថា “គេនឹងពិបាកក្នុងការរាប់បញ្ចូលជនរងគ្រោះទាំងអស់នៅពេលនេះណាស់” ហើយតួលេខមិនអាចកំណត់បានភ្លាមទេនៅដំណាក់កាលនេះ។
ក្រសួងឧតុនិយមបារាំង បាននិយាយថា ព្យុះស៊ីក្លូន Chido បានបោកបក់មកលើកោះ Mayotte ពេញមួយយប់ ជាមួយនឹងកម្លាំងខ្យល់បក់ជាង ២០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានបំផ្លាញលំនៅដ្ឋាន អគាររដ្ឋាភិបាល និងមន្ទីរពេទ្យ។ ក្រុមព្យាករព្រមានថា នេះគឺជាព្យុះដ៏ខ្លាំងក្លាបំផុតក្នុងរយៈពេលជាង ៩០ឆ្នាំ ដែលបានវាយប្រហារលើកោះនោះ៕
Leave a Reply