ក្រុមគ្រួសារប៉ាឡេស្ទីន ប្តឹងក្រសួងការបរទេសអាមេរិក ជុំវិញការគាំទ្រចំពោះយោធាអ៊ីស្រាអែល
ឯកសាររបស់តុលាការបានបង្ហាញថា ក្រុមគ្រួសារជនជាតិប៉ាឡេស្ទីនមួយក្រុម បានប្តឹងក្រសួងការបរទេសអាមេរិក កាលពីថ្ងៃអង្គារ (១៧ ធ្នូ) ជុំវិញការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់យោធាអ៊ីស្រាអែល ស្របពេលសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ។
បណ្តឹងដែលបានដាក់ទៅតុលាការតំបន់វ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិកនេះ បានចោទប្រកាន់ថា ក្រសួងការបរទេសក្រោមការដឹកនាំរបស់លោករដ្ឋមន្ត្រីការបរទេស Antony Blinken មានចេតនាគេចវេសពីច្បាប់សិទ្ធិមនុស្សរបស់អាមេរិក ហើយបន្តផ្តល់មូលនិធិ និងគាំទ្រដល់អង្គភាពយោធាអ៊ីស្រាអែល ដែលត្រូវបានចោទប្រកាន់ពីអំពើឃោរឃៅនៅដែនដីហ្កាហ្សា និងតំបន់កាន់កាប់ វេសបែង (West Bank)។
ច្បាប់សិទ្ធិមនុស្សនោះ ហាមឃាត់ការផ្តល់ជំនួយផ្នែកយោធារបស់អាមេរិក ដល់បុគ្គល ឬអង្គភាពកងកម្លាំងសន្តិសុខណាមួយ ដែលប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ហើយមិនត្រូវបាននាំមកកាត់ទោសតាមផ្លូវច្បាប់។ ទាំងអាហ្វ្រិកខាងត្បូងនៅតុលាការពិភពលោក និងអង្គការលើកលែងទោសអន្តរជាតិ បានចោទប្រកាន់អ៊ីស្រាអែល ថាប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាម ប៉ុន្តែអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់នេះ។
ទីក្រុងវ៉ាស៊ីនតោន ប្រឈមមុខនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សជាច្រើនសម្រាប់ការបន្តគាំទ្ររបស់ខ្លួនសម្រាប់អ៊ីស្រាអែល ដោយគ្មានការផ្លាស់ប្តូរគោលនយោបាយធំដុំ។ បណ្តឹងនេះត្រូវបានប្តឹងដោយជនជាតិប៉ាឡេស្ទីនចំនួន ៥នាក់ នៅតំបន់ហ្កាហ្សា វេសបែង និងនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់។ ឯកសារបណ្តឹងបង្ហាញថា ដើមចោទជាគ្រូបង្រៀនម្នាក់នៅហ្កាហ្សា ដែលត្រូវបានជម្លៀសខ្លួន ៧ដងក្នុងសង្រ្គាមបច្ចុប្បន្ន និងបានបាត់បង់សមាជិកគ្រួសារចំនួន ២០នាក់៕

Leave a Reply