លោក Putin និយាយថារុស្ស៊ីគួរតែបានវាយលុកអ៊ុយក្រែនឱ្យឆាប់ជាងនេះ ខណៈលើកឡើងពីលទ្ធភាពចរចាសន្តិភាព

លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូ សប្ដាហ៍នេះថា រុស្ស៊ីគួរតែចាប់ផ្តើមអ្វីដែលខ្លួនហៅថាជាប្រតិបត្តិការសឹកពិសេស នៅអ៊ុយក្រែន ឱ្យបានឆាប់ជាងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគួរតែរៀបចំឱ្យបានល្អជាងនេះ។

លោក Putin បានធ្វើអត្ថាធិប្បាយបែបនេះ បន្ទាប់ពីត្រូវបានសួរថាតើលោកនឹងធ្វើអ្វី ប្រសិនបើលោកអាចត្រលប់ទៅរកពេលវេលាកាលពីដើមឆ្នាំ ២០២២វិញ ហើយនឹងផ្លាស់ប្តូរអ្វី។

មេដឹកនាំកំពូលរុស្ស៊ីរូបនេះបាននិយាយថា រុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការដោយគ្មានការរៀបចំជាពិសេសណាមួយនោះទេ ដោយសារតែមិនអាចទៅទ្រាំរង់ចាំមើលស្ថានភាពកាន់តែយ៉ាប់យ៉ឺនតទៅទៀតបាន។

នៅពេលសួរថាតើជម្លោះបានផ្លាស់ប្តូររូបលោកដោយរបៀបណា លោក Putin បាននិយាយថាឥឡូវនេះលោកលែងសូវនិយាយលេងច្រើន ហើយស្ទើរតែលែងចង់សើចទៀតផង។

លោក បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈជួបជាមួយប្រធានាធិបតីជាប់ឆ្នោតលោកTrump ប្រសិនបើលោកTrump ចង់បាន បន្ទាប់ពីខានមានទំនាក់ទំនងជាមួយគ្នារយៈពេល៤ឆ្នាំ។

ទោះបីមានការរិះគន់លើសង្រ្គាម និងការដណ្ដើមកាន់កាប់ទឹកដីក្នុងប្រទេសអ៊ុយក្រែនក៏ដោយក៏លោកបានបើកទ្វារចំហសម្រាប់ការចរចាសន្តិភាពដែលនឹងត្រូវការការសម្របសម្រួលបញ្ចប់ជម្លោះនេះដែរ៕