បារាំង បង្កើតបានរដ្ឋាភិបាលថ្មី ជាមួយនឹងសមរភូមិកញ្ចប់ថវិកាជិតមកដល់
ប្រទេសបារាំង បានបើកបង្ហាញនូវរដ្ឋាភិបាលថ្មីកាលពីថ្ងៃចន្ទ (២៣ ធ្នូ) ដែលមានសមាសភាពពីអតីតរដ្ឋមន្ត្រី និងមន្ត្រីរាជការជាន់ខ្ពស់ជាច្រើន ដែលលោកនាយករដ្ឋមន្ត្រី ហ្រ្វង់ស្វ័រ បាយរូ (Francois Bayrou) សង្ឃឹមថានឹងអាចទប់ទល់សមរភូមិនៃការអនុម័តគម្រោងថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស និងទប់ស្កាត់វិបត្តិនយោបាយរបស់ប្រទេស
លោក អេរីក លូមបាត (Eric Lombard) វ័យ ៦៦ឆ្នាំ ប្រមុខមូលនិធិផ្នែកវិនិយោគរបស់រដ្ឋាភិបាលបារាំង បានក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដោយធ្វើការជាមួយ លោកស្រី អាមីលី ដឺ ម៉ុងឆាឡាំង (Amélie de Montchalin) ជារដ្ឋមន្ត្រីថវិកា។
អ្នកទាំងពីរនឹងត្រូវចាប់ផ្តើមការងារភ្លាមៗជាមួយលោក Bayrou លើការអនុម័តច្បាប់ថវិកាឆ្នាំ២០២៥ បន្ទាប់ពីការរុញច្រានរបស់សភា ជុំវិញសំណើច្បាប់ដែលបាននាំឱ្យមានការផ្តួលរំលំលោកអតីតនាយករដ្ឋមន្ត្រី មីស្ហែល បានីញ៉េ (Michel Barnier)។
ក្រុមថ្មីរបស់លោក Bayrou នឹងស្ថិតក្រោមសម្ពាធភ្លាមៗក្នុងការកាត់បន្ថយឱនភាព ដែលរំពឹងថានឹងបញ្ចប់ឆ្នាំនេះនៅតួលេខលើសពី ៦% នៃផលិតផលក្នុងស្រុកសរុប។ សភាកំពុងសម្រាករហូតដល់ថ្ងៃទី១៣ មករា ហើយនៅពេលសមាជិកសភាត្រលប់មកវិញ លោក Bayrou និងក្រុមរបស់លោក នឹងត្រូវប្រឹងប្រែងក្រោមការគំរាមកំហែងឥតឈប់ឈរនៃញត្តិដកសេចក្ដីទុកចិត្ត។
នៅក្នុងការតែងតាំងផ្សេងទៀត អ្នកនយោបាយអភិរក្សនិយម លោក ប្រុយណូ រ៉េតៃឡូ (Bruno Retailleau) នៅតែជារដ្ឋមន្ត្រីមហាផ្ទៃ ខណៈលោករដ្ឋមន្ត្រីការបរទេស ហ្សង់នូអែល បារ៉ូ (Jean-Noel Barrot) និងរដ្ឋមន្ត្រីការពារជាតិ សេបាទ្យាន លេក័រនុយ (Sebastien Lecornu) ក៏នៅកាន់តំណែងផងដែរ៕

Leave a Reply