គណបក្សប្រឆាំងកូរ៉េខាងត្បូង ផ្អាកគម្រោងចោទប្រកាន់ទម្លាក់តំណែងប្រធានាធិបតីស្តីទី
គណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងបានប្តេជ្ញាកាលពីថ្ងៃអង្គារថានឹងចោទប្រកាន់ទម្លាក់តំណែងលោកប្រធានាធិបតីស្តីទី Han Duck-soo ប៉ុន្តែបានផ្អាកផែនការ ហើយរង់ចាំរហូតដល់ចុងសប្តាហ៍នេះ ខណៈហានិភ័យនៃភាពមិនច្បាស់លាស់ផ្នែកនយោបាយផុងខ្លួនកាន់តែជ្រៅ។
ចំណាត់ការនេះធ្វើឡើងស្របពេលប្រទេសកំពុងធ្លាក់ក្នុងភាពចលាចលដោយសារការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកប្រធានាធិបតី Yoon Suk Yeol កាលពីថ្ងៃទី ៣ ខែធ្នូ ដែលលោកបានស្តីបន្ទោសមួយផ្នែកលើទំនោររបស់បក្សប្រឆាំងក្នុងការចោទប្រកាន់ទម្លាក់តំណែងក្រុមមន្ត្រីរដ្ឋាភិបាល។
លោក Park Chan-dae ប្រធានសភារបស់គណបក្សប្រឆាំងប្រជាធិបតេយ្យ (DP) បាននិយាយថា គណបក្សនឹងរង់ចាំរហូតដល់ចុងសប្តាហ៍នេះ ដើម្បីសម្រេចថាតើត្រូវបន្តផែនការចោទប្រកាន់ទម្លាក់តំណែងលោក Han ដែរឬអត់។គណបក្សនេះបាននិយាយថា ខ្លួននឹងដាក់ចេញពង្រាងសេចក្ដីស្នើច្បាប់មួយ ដើម្បីចោទប្រកាន់លោក Han ។
គណបក្ស DP ដែលមានសំឡេងភាគច្រើនក្នុងសភាកំពុងចាត់វិធានការនេះ បន្ទាប់ពីលោក Han បានពន្យារពេលការចុះហត្ថលេខាលើច្បាប់ដើម្បីបើកការស៊ើបអង្កេតពិសេសមួយក្នុងករណីដាក់ច្បាប់អាជ្ញាសឹក ដែលបានបរាជ័យរបស់លោកប្រធានាធិបតី Yoon Suk Yeol។
គណបក្សនេះបាននិយាយថាលោក Han កំពុងធ្វើសកម្មភាពប្រឆាំងឆន្ទៈប្រជាជនប្រកបដោយប្រសិទ្ធភាពជួយលោកYoon ដែលអំណាចរបស់លោកត្រូវបានព្យួរបន្ទាប់ពីសភាបានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងរូបលោកកាលពីថ្ងៃទី១៤ ខែធ្នូ។
នៅពេលសេចក្តីព្រាងច្បាប់ស្តីពីការចោទប្រកាន់ត្រូវបានដាក់ជូនបន្ទាប់មកដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសម័យប្រជុំពេញអង្គនោះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបោះឆ្នោតក្នុងរយៈពេលចាប់ពី ២៤ ទៅ ៧២ ម៉ោង។ប្រសិនបើលោក Han ត្រូវបានចោទប្រកាន់ រដ្ឋមន្ត្រីហិរញ្ញវត្ថុនឹងស្ថិតក្នុងជួរបន្ទាប់ ដើម្បីដឹកនាំរដ្ឋាភិបាលជាប្រធានាធិបតីស្តីទី យោងតាមច្បាប់របស់កូរ៉េខាងត្បូង៕

Leave a Reply