[UPDATE] មនុស្ស៣៨ នាក់បានស្លាប់ បន្ទាប់ពីធ្លាក់យន្តហោះនៅប្រទេសកាហ្សាក់ស្ថាន

ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សយ៉ាងហោចណាស់៣៨នាក់បានស្លាប់ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរចំនួន៦៧នាក់ពីប្រទេសអាស៊ែរបៃហ្សង់ទៅកាន់ភាគខាងត្បូងនៃប្រទេសរុស្ស៊ីបានធ្លាក់នៅជិតទីក្រុង អោក តាវ(Aktau)នៃប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃពុធសប្ដាហ៍នេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ជើងហោះហើរ J2-8243 របស់ក្រុមហ៊ុនអាកាសចរណ៍ អាស៊ែរបៃហ្សង់ អ៊ែរឡាញ (Azerbaijan Airlines)ដែលហោះហើរពីរដ្ឋធានី បាគូ (Baku) របស់ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់ទីក្រុង ក្រូស្នី (Grozny) ក្នុងតំបន់ ឆេកស្នីយ៉ា (Chechnya)របស់រុស្ស៊ី បានចុះចតបន្ទាន់ប្រហែល ៣ គីឡូម៉ែត្រ ពីរដ្ឋធានី អោកតាវ ។

កុមារពីរនាក់ស្ថិតក្នុងចំណោមមនុស្ស២៩នាក់ដែលរួចរស់ជីវិតពីការធ្លាក់យន្តហោះនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ (Ilham Aliyev) បាននិយាយថា វាឆាប់ពេកក្នុងការប៉ាន់ស្មានអំពីហេតុផលនៅពីក្រោយការធ្លាក់យន្តហោះនេះ ប៉ុន្តែបាននិយាយថា អាកាសធាតុបានបង្ខំឱ្យយន្តហោះផ្លាស់ប្តូរពីដំណើរដែលបានគ្រោងទុក។

ក្រសួងស្ថានការណ៍គ្រាអាសន្នរបស់កាហ្សាក់ស្ថានបាននិយាយថា ក្រុមការងាររបស់ខ្លួនបានមើលឃើញយន្តហោះកំពុងឆេះពេលមកដល់កន្លែងកើតហេតុ។

អង្គភាពសង្គ្រោះបានចាប់ផ្តើមពន្លត់ភ្លើង។ បច្ចុប្បន្នព័ត៌មានអំពីជនរងគ្រោះកំពុងត្រូវបានបញ្ជាក់ ហើយបើតាមព័ត៌មានបឋមមានអ្នកនៅរស់។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសកាហ្សាក់ស្ថានបាននិយាយនៅក្នុងរបាយការណ៍បឋមមួយថា មានអ្នកដំណើរចំនួន ៦២ នាក់ និងសមាជិកអាកាសយានិកចំនួន ៥នាក់នៅលើយន្តហោះ។

យោងតាមទិន្នន័យបឋមបាននិយាយថា អ្នកដំណើរ៣៧នាក់ជាពលរដ្ឋអាស៊ែរបៃហ្សង់ ៦នាក់កាហ្សាក់ស្ថាន ៣នាក់ កៀគីស្ថាន និងរុស្ស៊ី ១៦នាក់៕