សារព័ត៌មានរបស់ប្រទេសអាស៊ែរបៃហ្សង់ និងមន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៦ ធ្នូ ថា ក្រុមមន្ត្រី អាស៊ែរបៃហ្សង់ និងមន្ត្រីអាមេរិកជឿថាមីស៊ីលបាញ់ពីដីទៅលើអាកាសរបស់រុស្ស៊ី បានបណ្ដាលឲ្យយន្តហោះដឹកអ្នកដំណើររបស់ប្រទេសអាស៊ែរបៃហ្សង់ បានធ្លាក់ ខណៈវិមានក្រឹមឡាំង ព្រមានប្រឆាំងការចោទប្រកាន់គ្មានមូលដ្ឋានជុំវិញគ្រោះមហន្តរាយនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា នោះនឹងក្លាយជាកំហុសក្នុងការបង្កើតសម្មតិកម្មណាមួយ មុនពេលការសន្និដ្ឋាននៃការស៊ើបអង្កេត។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាស៊ែរបៃហ្សង់អ៊ែរឡាញ បានធ្លាក់នៅជិតទីក្រុងអោកតាវ (Aktau)របស់ប្រទេសកាហ្សាក់ស្ថាន ដែលជាមជ្ឈមណ្ឌលប្រេង និងឧស្ម័ន កាលពីថ្ងៃពុធទី២៥ធ្នូសប្ដាហ៍នេះ បន្ទាប់ពីបានហោះហើរ ហើយមូលហេតុនាំឲ្យធ្លាក់នៅមិនទាន់បានកំណត់បានទេ។មនុស្ស ៣៨ នាក់ក្នុងចំណោម ៦៧ នាក់នៅលើយន្តហោះបានស្លាប់។
យន្តហោះ អ៊ីមប្រាយយ៉ា ១៩០ (Embraer 190) ត្រូវបានគេសន្មត់ថាហោះហើរពីភាគពាយ័ព្យពីរដ្ឋធានីបាគូ(Baku)របស់អាស៊ែរបៃហ្សង់ទៅកាន់ទីក្រុងក្រូស្នី(Grozny)ក្នុងតំបន់ឆេកស្នី(Chechnya)ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ប៉ុន្តែបានបង្វែរទិសដៅឆ្លងកាត់សមុទ្រកាសព្យែន (Caspian)។
ការស៊ើបអង្កេតកំពុងដំណើរការ ដោយគេហទំព័រដែលគាំទ្ររដ្ឋាភិបាលអាស៊ែរបៃហ្សង់ Caliber បានដកស្រង់សម្តីមន្ត្រីដែលមិនបញ្ចេញឈ្មោះដោយនិយាយថា ពួកគេជឿថា មីស៊ីលរុស្ស៊ីបានបាញ់ចេញពីប្រព័ន្ធការពារដែនអាកាស ផានស្ទ័រ-អេស (Pantsir-S) បានបណ្ដាលឲ្យយន្តហោះនោះធ្លាក់។
ការអះអាងនេះក៏ត្រូវបានរាយការណ៍ដោយសារព័ត៌មានNew York Times ទូរទស្សន៍Euro news និងទីភ្នាក់ងារព័ត៌មានទួរគី Anadolu ផងដែរ ។អ្នកជំនាញអាកាសចរណ៍ និងយោធាមួយចំនួនបាននិយាយថា យន្តហោះនេះប្រហែលជាត្រូវបានបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីដោយចៃដន្យព្រោះយន្តហោះកំពុងហោះហើរក្នុងតំបន់មួយជាទីដែលសកម្មភាពយានដ្រូនរបស់អ៊ុយក្រែនត្រូវបានគេរាយការណ៍៕
Leave a Reply