បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានចុះផ្សាយ កាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានហៅលោក វ្ល៉ាឌីមៀ ពូទីន ថាជា «មិត្តសម្លាញ់បំផុត» តាមរយៈការផ្ញើសារចូលឆ្នាំថ្មី ទៅកាន់មេដឹកនាំរុស្ស៊ី ដោយកោតសរសើរពីទំនាក់ទំនងទ្វេភាគី យ៉ាងជិតស្និទ្ធ។
ប្រទេសទាំងពីរបានពង្រឹងទំនាក់ទំនងនយោបាយ យោធា និងវប្បធម៌ កាន់តែស៊ីជម្រៅ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ដោយលោក ពូទីន និងលោក គីម បាននិយាយម្តងហើយម្តងទៀតអំពីភាពស្និទ្ធស្នាលផ្ទាលខ្លួន រវាងមេដឹកនាំទាំងពីរ។
លោក ពូទីន និង លោក គីម បានចុះហត្ថលេខាលើកតិកាសញ្ញាការពារជាតិមួយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកពូទីន ទៅកាន់តំបន់ដាច់ស្រយាលខាងជើង កាលពីខែមិថុនា។ កតិកាសញ្ញានេះមានកាតព្វកិច្ចផ្តល់ជំនួយយោធាជាបន្ទាន់ ប្រសិនបើភាគីម្ខាងទៀតត្រូវបានឈ្លានពាន ហើយចូលជាធរមាន កាលពីខែធ្នូ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ KCNA បាននិយាយថា សារចុងក្រោយរបស់លោក គីម បានពណ៌នាលោក ពូទីន ជា «មិត្ត និងសមមិត្តជាទីគោរពបំផុត» ។ មេដឹកនាំកូរ៉េខាងជើងបានផ្ញើ «ការស្វាគមន៍យ៉ាងកក់ក្តៅនៃពាក្យជូនពរដល់ប្រជាជនរុស្ស៊ី ជាបងប្អូន និងកងទ័ពរុស្ស៊ីដ៏ក្លាហាន រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងជើង»។
លោក Kim ក៏បានសម្តែងនូវ «ឆន្ទៈរបស់លោក ក្នុងការរចនា និងជំរុញទៅមុខជាមួយនឹងគម្រោងថ្មី» បន្ទាប់ពីអ្វីដែល លោកហៅថា «ដំណើរដ៏មានអត្ថន័យនៅឆ្នាំ ២០២៤ រវាងប្រទេសទាំងពីរ»។
ចំពោះសង្រ្គាមនៅអ៊ុយក្រែន លោក Kim ក៏បានសង្ឃឹមផងដែរថា ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំ «នៅពេលដែលកងទ័ព និងប្រជាជនរុស្ស៊ីកម្ចាត់លទ្ធិណាហ្សីនិយម និងទទួលបានជ័យជំនះដ៏អស្ចារ្យ»។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរថា បានបញ្ជូនទាហានជាង១ម៉ឺននាក់ ដើម្បីជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន។
អ្នកជំនាញនិយាយថា លោក Kim ចង់ទទួលបានបច្ចេកវិទ្យាទំនើបពីទីក្រុងមូស្គូ និងបទពិសោធន៍ប្រយុទ្ធសម្រាប់កងទ័ព ជាថ្នូរ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបាននិយាយ កាលពីថ្ងៃសុក្រថា លោកពូទីនបានផ្ញើសារស្រដៀងគ្នានេះទៅកាន់លោកគីម ដោយសរសើរទំនាក់ទំនងទ្វេភាគី ទ្វេភាគីផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
Leave a Reply