អធិការបតីប្រទេសអូទ្រីស លោក Karl Nehammer និយាយថា លោកនឹងលាលែងពីតំណែងនៅប៉ុន្មានថ្ងៃខាងមុខ ទាំងតំណែងជាអធិការបតី ទាំងជាមេដឹកនាំគណបក្ស បន្ទាប់ពីកិច្ចពិភាក្សាអំពីការបង្កើតរដ្ឋាភិបាលចម្រុះបានបរាជ័យ។
អធិការបតីរូបនេះ បាននិយាយថាគណបក្សរបស់លោក គណបក្សប្រជាជនអភិរក្ស (ÖVP) និងគណបក្សសង្គមប្រជាធិបតេយ្យ បានបរាជ័យក្នុងការយល់ព្រមលើបញ្ហាសំខាន់ៗជាច្រើន។
គណបក្សសេរីនិយម Neos ជាភាគីមួយផ្សេងទៀតដែលចូលរួមក្នុងកិច្ចចរចាក៏បានដកខ្លួនចេញកាលពីថ្ងៃសុក្រផងដែរ។
នៅក្នុងខែកញ្ញា គណបក្សសេរីភាពស្តាំនិយមជ្រុល (FPÖ) បានទទួលជ័យជម្នះមិនធ្លាប់មានក្នុងការបោះឆ្នោតសកលរបស់ប្រទេសអូទ្រីស ប៉ុន្តែគណបក្សផ្សេងទៀតបានច្រានចោលការបង្កើតសម្ព័ន្ធភាពក្រុមបក្សចម្រុះជាមួយមេដឹកនាំរបស់គណបក្ស FPÖ លោក Herbert Kickl ។
ក្រុមអ្នកវិភាគបាននិយាយថា ការដួលរលំនៃកិច្ចចរចា អាចនាំឱ្យក្រុមអភិរក្សនិយមចរចាជាមួយក្រុមស្តាំនិយមជ្រុល ឬឈានទៅដល់ការបោះឆ្នោតថ្មីមួយកើតឡើង។
គណបក្ស FPÖ ដែលជាមិត្តនឹងប្រទេសរុស្ស៊ី ធ្លាប់ស្ថិតក្នុងក្រុមចម្រុះកាន់អំណាចកាលពីកន្លងទៅ។ បក្សនេះទំនងជានឹងស្វាគមន៍ការបោះឆ្នោតថ្មី ខណៈការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់ខ្លួនបានកើនឡើងបន្ថែមទៀតចាប់តាំងពីខែកញ្ញា៕
Leave a Reply