កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកដែលសង្ស័យថាជាមីស៊ីលរយៈចម្ងាយមធ្យមទៅកាន់សមុទ្រ ពីឆ្នេរភាគខាងកើតរបស់ខ្លួន នៅថ្ងៃចន្ទ (០៦ មករា) នេះ ស្របពេលជាមួយនឹងដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ទៅកាន់ទីក្រុង សេអ៊ូល អំឡុងពេលនៃភាពចលាចលនយោបាយនៅក្នុងប្រទេសកូរ៉េខាងត្បូង។
យោធាកូរ៉េខាងត្បូង បានបញ្ជាក់ពីការបាញ់បង្ហោះនេះ ខណៈឆ្មាំល្បាតឆ្នេររបស់ជប៉ុន ក៏បាននិយាយថា មីស៊ីលដែលគេជឿថាបាញ់ដោយកូរ៉េខាងជើង បានធ្លាក់ចូលសមុទ្រ។
សេចក្ដីថ្លែងការណ៍មួយនិយាយថា នៅព្រឹកថ្ងៃចន្ទ លោក Blinken បានជួបជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តការពារជាតិ “មិនផ្លាស់ប្តូរ” របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងសេអ៊ូល ហើយអំពាវនាវឱ្យមានទំនាក់ទំនងការទូត និងសន្តិសុខយ៉ាងជិតស្និទ្ធ ដើម្បីទប់ស្កាត់ការបង្កហេតុរបស់កូរ៉េខាងជើង។
ការបាញ់បង្ហោះនៅថ្ងៃចន្ទនេះគឺជាលើកទីមួយហើយរបស់ទីក្រុងព្យុងយ៉ាង ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំមុនមក នៅពេលដែលកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ចំនួន ៧គ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន៕
Leave a Reply