UPDATE: គ្រោះរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារតំបន់ទីបេប្រទេសចិន ផ្តាច់ជីវិតមនុស្សកើនដល់៣២នាក់ និងរាប់សិបនាក់ទៀត រងរបួស

(ប៉េកាំង)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានកើតមានឡើង នៅឯតំបន់ទីបេ (Tibet) នៃប្រទេសចិន និងបានផ្តាច់ជីវិតមនុស្សកើនដល់យ៉ាងហោច ៣២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីនៃប្រទេសចិន CENC បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៨រ៉ិចទ័រ បានអង្រួន​ស្រុក Dingri នៃតំបន់ Tibet កៀកនឹងព្រំប្រទល់ ជាមួយប្រទេសនេប៉ាល់ កាលពីវេលាម៉ោង៩៖០៥នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) និងមានជម្រៅ១០គីឡូម៉ែត្រ ខណៈទីភ្នាក់ងារអាមេរិក USGA បានរាយការណ៍ថា គ្រោះរញ្ជួយដីនោះ មានកម្រិត៧.១រ៉ិចទ័រ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua ដោយផ្អែកលើប្រភពពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ បានរាយការណ៍ថា មកទល់ពេលនេះ មនុស្សចំនួន៣២នាក់ហើយ ត្រូវបញ្ជាក់ថា បានបាត់បង់ជីវិត ខណៈ៣៨នាក់ផ្សេងទៀត បានរងរបួស អំឡុងការវាយប្រហារនៃគ្រោះរញ្ជួយដី ដែលបានកើតឡើងនៅទីក្រុង Xigaze ក្នុងស្រុក Dingri នៃតំបន់ស្វយ័ត Xizang ឬហៅថា Tibet។

គួរបញ្ជាក់ថា ស្រុក Dingri មានមនុស្សរស់នៅប្រមាណ៦២ ០០០នាក់។ រីឯតំបន់មួយចំនួន នៅខាងនេប៉ាល់ឯណោះវិញ ក៏បានទទួលរងឥទ្ធិពល នៃគ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើ ផងដែរ ប៉ុន្តែមិនទាន់ឃើញមានសេចក្តីអំពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់ នៅឡើយទេ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *