ក្រុមមន្ត្រីចិនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា មនុស្សជាង៤០០នាក់ ដែលជាប់ខ្លួនដោយសារគំនរកម្ទេចថ្មនៅតំបន់ទីបេ រងគ្រោះដោយការរញ្ជួយដីដ៏មហន្តរាយ ត្រូវបានជួយសង្គ្រោះ ខណៈគេមិនដឹងថាតើនៅមានមនុស្សចំនួនប៉ុន្មានទៀតបន្តបាត់ខ្លួន បន្ទាប់ពីការរញ្ជួយបានអង្រួនតំបន់ជើងភ្នំហិម៉ាឡៃ និងបានកែប្រែទេសភាពក្នុងតំបន់នេះ។
ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត៦,៨រ៉ិចទ័រ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ មួយក្នុងចំណោមការរញ្ជួយដ៏ខ្លាំងក្លាបំផុតជាច្រើននៅតំបន់នេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មានទីតាំងនៅស្រុកទីនហ្គ្រី (Tingri) ក្នុងតំបន់ទីបេរបស់ប្រទេសចិន ចម្ងាយប្រហែល ៨០ គីឡូម៉ែត្រ ភាគខាងជើងភ្នំ Everest ដែលជាភ្នំខ្ពស់បំផុតរបស់ពិភពលោក។ សារព័ត៌មាន Reuters បានរាយការណ៍ថា រញ្ជួយដីនេះក៏បានអង្រួនអគារនៅក្នុងប្រទេសជិតខាងនេប៉ាល់ ប៊ូតង់ និងឥណ្ឌាផងដែរ។
២៤ម៉ោងបន្ទាប់ពីការរញ្ជួយដីបានវាយប្រហារ អ្នកដែលជាប់នៅក្រោមគំនរកម្ទេចថ្មនឹងស៊ូទ្រាំមួយយប់ក្នុងសីតុណ្ហភាពត្រជាក់ក្រោមសូន្យ ដោយបន្ថែមសម្ពាធទៅលើក្រុមអ្នកជួយសង្គ្រោះដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតនៅក្នុងតំបន់ មានទំហំប៉ុនប្រទេសកម្ពុជា។
សីតុណ្ហភាពត្រជាក់ក្នុងតំបន់រយៈកម្ពស់ខ្ពស់នេះ បានធ្លាក់ចុះទាបរហូតដល់ដក១៨ អង្សារសេ នៅយប់ជ្រៅ។ក្រុមអ្នកជំនាញបាននិយាយថា មនុស្សដែលជាប់ក្រោមមកម្ទេចថ្ម ឬអ្នកដែលគ្មានទីជំរក ប្រឈមហានិភ័យនៃការថយចុះកម្តៅក្នុងខ្លួនយ៉ាងឆាប់រហ័ស ហើយអាចរស់នៅបានត្រឹមតែ ៥ ទៅ ១០ ម៉ោងប៉ុណ្ណោះ ទោះមិនមានរបួសក៏ដោយ។
ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថាមនុស្ស ១២៦ នាក់ត្រូវគេដឹងថាបានស្លាប់ និង ១៨៨នាក់បានរងរបួសនៅទីបេ។ គ្មានការស្លាប់ត្រូវបានគេរាយការណ៍នៅក្នុងប្រទេសនេប៉ាល់ ឬប្រទេសផ្សេងដែលមានការរញ្ជួយដែរនោះទេ ៕
Leave a Reply