លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់

លោក Xi និងលោក Putin ពិភាក្សាគ្នាពីទំនាក់ទំនងជាមួយលោក Trump រឿងអ៊ុយក្រែន និងកោះតៃវ៉ាន់
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping បានពិភាក្សាគ្នាកាលពីថ្ងៃអង្គារ (២១ មករា) អំពីមធ្យោបាយកសាងទំនាក់ទំនងជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump និងទស្សនវិស័យសម្រាប់កិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន រួមទាំងការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់ទីក្រុងមូស្គូ ចំពោះជំហររបស់ទីក្រុងប៉េកាំង លើកោះតៃវ៉ាន់។
លោក Xi និងលោក Putin បានពិភាក្សាគ្នាតាមវីដេអូរយៈពេល ១ម៉ោង ៣៥នាទី បន្ទាប់ពីលោក Trump ដែលបានព្រមានដាក់ទណ្ឌកម្មរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូមិនចរចាជាមួយអ៊ុយក្រែន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃចន្ទ ហើយមេដឹកនាំទាំងពីរបានស្នើឱ្យមានការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតរវាងចិន-រុស្ស៊ី ជារឿងដែលធ្វើឱ្យលោកខាងលិចបារម្ភ។
ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ បានប្រកាសភាពជាដៃគូ “គ្មានដែនកំណត់” នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ នៅពេលលោក Putin ធ្វើទស្សនកិច្ចនៅចិន ប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែន។ លោក Putin ក្នុងពេលប៉ុន្មានខែថ្មីៗនេះ បានពណ៌នាចិន ថាជា “សម្ព័ន្ធមិត្តដ៏ល្អ”។
មន្រ្តីជាន់ខ្ពស់វិមានក្រឹមឡាំង លើកឡើងថា លោក Xi និងលោក Putin “បានបង្ហាញពីឆន្ទៈក្នុងការកសាងទំនាក់ទំនងជាមួយអាមេរិក ដោយផ្អែកលើមូលដ្ឋានដែលផ្តល់ផលប្រយោជន៍ និងការគោរពគ្នាទៅមក ប្រសិនបើក្រុមលោក Trump ពិតជាបង្ហាញចំណាប់អារម្មណ៍លើរឿងនេះ”៕