អ៊ីស្រាអែល និយាយថា ក្រុមហាម៉ាស់ពុំបានគោរពតាម.ខសន្យានៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់

លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនំាពាក្យយោធាអ៊ីស្រាអែល បានស្វាគមន៍ការវិលត្រឡប់មកវិញចំណាប់ថ្នូរដែលជាទាហានស្រីអ៊ីស្រាអែល ៤រូប កាលពីថ្ងៃសៅរ៍ ក្រោយក្រុមជីវពលហាម៉ាស់ ដោះលែងពួកគេនៅទីក្រុងហ្កាហ្សា ។

ប៉ុន្តែលោក និយាយថា ក្រុមហាម៉ាស់ពុំបានឈានដល់កាតព្វកិច្ចរបស់ខ្លួននោះឡើយ ដោយមិនព្រមដោះលែងជនស៊ីវិលជាស្រ្តីដែលត្រូវបានគេរំពឹងថា នឹងត្រូវដោះលែងកាលពីថ្ងៃសៅរ៍ ។

ទាហានស្រីទាំង ៤រូបដែលបានវិលត្រឡប់មកវិញនេះ គឺនាង Liri Albag និងនាង Karina Ariev, Daniella Gilboa ហើយនិងនាង Naama Levyដែលបានឈរជើងនៅប៉ុស្តិ៍សង្កេតការណ៍ ស្ថិតនៅជាប់ព្រំដែនតំបន់ហ្កាហ្សា ពេលដែលពួកគេត្រូវបានចាប់ពង្រាត់ អំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។

លោក Hagari និយាយថា អ៊ីស្រាអែល បានតម្រូវឲ្យមានការដោះលែង អ្នកស្រី Arbel Yehud គឺជាពលរដ្ឋអ៊ីស្រាអែល ដែលត្រូវបានចាប់ពង្រាត់ចេញពីតំបន់ Nir Oz ហើយនិងអ្នកស្រី Shiri Bibas ព្រមទាំងកូន ២នាក់របស់គាត់ គឺនាង Kfir និងនាង Ariel ។

ជាការដោះដូរគ្នា អ្នកទោសប៉ាឡេស្ទីន ២០០នាក់ ត្រូវបានដោះលែង បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ដែលមានគោលដៅបញ្ចប់សង្រ្គាមរយៈពេល ១៥ខែនៅក្នុងតំបន់ហ្កាហ្សា ៕