(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុក្ខដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ចុះណែនាំតាមខ្នងផ្ទះ ដោយដាក់មីក្រូតាមម៉ូតូកង់បី ណែនាំ ដោយហាមមិនឱ្យដុតផាវជាដាច់ខាត ជាមួយនិងការប្រើពាក្យថា ពេលស្រវឹងកុំបើកបរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំនេះ។
ឯកឧត្ដមឃួង ស្រេង ណែនាំបែបនេះកាលពីរសៀលថ្ងៃទី ២៧ មករា២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បន្តថា ៖ បុណ្យចូលឆ្នាំចិន វៀតណាមឆ្នាំ២០២៥នេះ សូមឱ្យអាជ្ញាធរខណ្ឌ សង្កាត់ ផ្សព្វផ្សាយដល់អាជីករ តាមផ្សារ មិនឱ្យលក់ផាវ គ្រឿងផ្ទុះ បើណែនាំ២ដងមិនស្តាប់ ត្រូវចាប់បង្ខំឱ្យគាត់អនុវត្តតាមច្បាប់។ ការណែនាំ ផែនការយើងមានអស់ហើយ នូវឡើយតែការអនុវត្តមិនទាន់បានគ្រប់ជ្រុងជ្រោយនូវឡើយ។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា៖ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍នៅភ្នំពេញការកកស្ទះជារឿងពិត គឺឱ្យតែបុណ្យទានម្តងៗ ពិសេសបុណ្យភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែនិងបុណ្យចូលឆ្នាំចិន-វៀតណាម ដូច្នេះត្រូវដាក់កម្លាំងទៅសម្រួលចរាចរណ៍ នៅកន្លែងកកស្ទះទាំងនោះភ្លាម ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញថា យើងបានយកចិត្តទុកដាក់ចំពោះការងារនេះ។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ បន្តថា ត្រូវល្បាតជាប្រចាំ ដើម្បីទប់ស្កាត់ ការដុតផាវ លួចឆក់ប្លន់ គាស់ផ្ទះជាដើម ។ ណែនាំឱ្យពលរដ្ឋចេះបង្ការទប់ស្កាត់គ្រោះអគ្គិភ័យ បង្ការការលួចគាស់ផ្ទះជាដើម។
ឯកឧត្ដមអភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យខណ្ឌទាំង១៤ចុះមើលតាមសាលារៀនជាប្រចាំ ដើម្បីទប់ស្កាត់ក្មេងទំនើងតាមសាលារៀន មើលទាំងអនាម័យ បរិស្ថាន នៅតាមសាលា ពិសេសបង្គន់អនាម័យសូមឱ្យស្អាត បត់ជើងបានផង ។ បន្ថែមពីនេះ ល្បែងស៊ីសងគ្រប់ប្រភេទ ត្រូវតែលុបបំបាត់ឱ្យអស់ ពិសេសល្បែងស៊ីសងនៅតាមផ្សារ ឆ្នោតឡូតូជាដើម។ ដោយឡែកនៅតំបន់ស្មុកស្មាញ តំបន់មិនរៀបរយ អាជ្ញាធរខណ្ឌត្រូវចុះឱ្យដល់ទីតាំង ពិសេស ប្រជាការពារ សង្កាត់ ចុះទៅពិនិត្យតាមដានពួកគាត់ជាមួយនិងការណែនាំឱ្យពួកគាត់ចេះបង្ការទប់ស្កាត់គ្រោះអគ្គីភ័យ។ ចំពោះគ្រប់គ្រងជនឥន្តោប្រវេស្ស ក៏ត្រូវធ្វើឱ្យបានល្អ ដាក់ខាតត្រូវឱ្យពួកគាត់គោរពច្បាប់ប្រទេស មិនចេះតែធ្វើអ្វីតាមចិត្តទេ ប្រទេសយើងមានច្បាប់៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ
Leave a Reply