[BREAKING NEWS ] ក្រសួងពាណិជ្ជកម្មចិននិយាយថា ចិននឹងប្រជែងការដំឡើងពន្ធរបស់អាមេរិក តាមរយៈអង្គការ WTO

ក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃអាទិត្យ ២ កុម្ភៈថា ប្រទេសចិននឹងប្រឆាំងការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកតាមរយៈអង្គការពាណិជ្ជកម្មពិភពលោក(WTO )។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការដំឡើងពន្ធដោយសហរដ្ឋអាមេរិក បំពានយ៉ាងធ្ងន់ធ្ងរ ទៅនឹងច្បាប់របស់អង្គការ WTO ដោយជំរុញឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងការសន្ទនាប្រកបដោយភាពស្មោះត្រង់ និងពង្រឹងកិច្ចសហប្រតិបត្តិការ។

ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃសៅរ៍បានបញ្ជាឱ្យដំឡើងពន្ធ ២៥ ភាគរយលើការនាំចូលពីកាណាដា និងម៉ិកស៊ិក និង ១០ ភាគរយលើទំនិញពីប្រទេសចិន ដែលចាប់ផ្តើមពីថ្ងៃអង្គារទី៤កុម្ភៈដែលរុញឲ្យមានការប្រឈមនឹងការផ្ទុះសង្រ្គាមពាណិជ្ជកម្មថ្មីមួយដែលក្រុមសេដ្ឋវិទូបាននិយាយថាអាចបន្ថយកំណើនសេដ្ឋកិច្ចពិភពលោក និងបន្តអតិផរណាសកល។

ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះពន្ធថ្មីដែលដាក់លើទីក្រុងប៉េកាំងដោយលោក Trump ដោយប្តេជ្ញាថានឹងចាត់វិធានការតបតដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់យើង។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិនក៏បានរិះគន់ទោសចំពោះ “ការអនុវត្តខុសឆ្គង” របស់ទីក្រុងវ៉ាស៊ីនតោនផងដែរ ដោយនិយាយថា ទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំងចំពោះបញ្ហានេះ និងប្រឆាំងដាច់ខាត៕