លោក Trump៖ សហរដ្ឋអាមេរិកនឹងកាន់កាប់ហើយអភិវឌ្ឍដែនដីហ្កាហ្សា អំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល

លោកប្រធានាធិបតី Donald Trump កាលពីល្ងាចថ្ងៃអង្គារទី០៤កុម្ភៈសប្ដាហ៍នេះបាននិយាយថាសហរដ្ឋអាមេរិកនឹងកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីបហើយយើងនឹងគ្រប់គ្រងដែនដីមួយនេះដោយខ្លួនឯង ។

លោក Trump បាននិយាយថាប្រជាជនប៉ាឡេស្ទីនទាំងអស់ដែលកំពុងរស់នៅក្នុងតំបន់ហ្កាហ្សា ជិត ២លាននាក់ គួរតែចាកចេញពីទឹកដីនេះ ហើយត្រូវដាក់នៅប្រទេសផ្សេងទៀតនៅមជ្ឈិមបូព៌ា ក្នុងចំណោមប្រទេសទាំងនោះ មានដូចជា ហ្ស៊កដានី និងអេហ្ស៊ីប។

លោកបាននិយាយថា បន្ទាប់មកសហរដ្ឋអាមេរិកអាចអភិវឌ្ឍតំបន់ហ្កាហ្សាឡើងវិញ ក្រោយត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលសង្គ្រាមជាមួយអ៊ីស្រាអែល។

លោក Trump បាននិយាយនៅឯសេតវិមានក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថាដែនដីហ្កាហ្សា ប្រៀបបានឋាននរក ។ ក្រោយមកលោកបានលើកឡើងថាតំបន់ហ្កាហ្សា អាចជាតំបន់ឆ្នេរសមុទ្ររបស់មជ្ឈិមបូព៌ា។

លោក Netanyahu ពេលសួរអំពីការកាន់កាប់តំបន់ហ្កាហ្សាដូចការលើកឡើងរបស់លោកTrump បាននិយាយថា លោកគិតថានោះជាអ្វីដែលអាចផ្លាស់ប្តូរប្រវត្តិសាស្ត្រ។លោកបានបន្ថែមថា ហើយលោកគិតថាវាពិតជាមានតម្លៃក្នុងការស្វែងរកច្រកមួយនេះ។ការលើកឡើងរបស់លោក Trump ដែលថាសហរដ្ឋអាមេរិកគួរតែចូលកាន់កាប់តំបន់ហ្កាហ្សា គឺជាគំនិតថ្មីមួយសម្រាប់រូបលោក។

រដ្ឋមន្ត្រីការបរទេសអារ៉ាប់ចំនួន ៥រូប និងមន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនម្នាក់ បានផ្ញើលិខិតរួមមួយទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប្រឆាំងនឹងផែនការផ្លាស់ប្តូរប្រជាជនប៉ាឡេស្ទីនចេញពីតំបន់ហ្កាហ្សា ដូចដែលបានស្នើឡើងដោយលោកប្រធានាធិបតី Donald Trump កាលពីចុងខែមករា៕