ជំហានរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការកាត់បន្ថយ និងកែទម្រង់ជំនួយបរទេសរបស់អាមេរិក កំពុងបំផ្លាញប្រព័ន្ធកិច្ចខិតខំប្រឹងប្រែងសកលដ៏ស្មុគស្មាញ ដែលមានបំណងទប់ស្កាត់ និងឆ្លើយតបទៅនឹងគ្រោះទុរ្ភិក្ស និងភាពអត់ឃ្លាន។ ដោយជួបការលំបាករួចទៅហើយក្នុងការគ្រប់គ្រងវិបត្តិអត់ឃ្លានដែលគ្របដណ្ដប់ពិភពលោកកំពុងអភិវឌ្ឍ – សូម្បីតែមុនពេលលោក Trump ឡើងកាន់តំណែងសេតវិមានទៅទៀតនោះ – នៅពេលនេះប្រព័ន្ធឃ្លាំមើល និងសម្រាលបន្ទុកទុរ្ភិក្សអន្តរជាតិ បានរងការវាយប្រហារកាន់តែខ្លាំងពីការបញ្ឈប់ជំនួយបរទេសភ្លាមៗរបស់អាមេរិក។
ការបង្កកការចំណាយ – ដែលលោក Trump បានបញ្ជាឱ្យធ្វើនៅពេលឡើងកាន់តំណែងថ្ងៃទី២០ មករា – គឺត្រូវសន្មត់ថាមានរយៈពេល ៩០ថ្ងៃ ខណៈរដ្ឋបាលរបស់លោកពិនិត្យកម្មវិធីជំនួយបរទេសទាំងអស់។ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Marco Rubio និយាយថា មានករណីលើកលែងដែលអនុញ្ញាតឱ្យជំនួយស្បៀងអាហារសង្គ្រោះបន្ទាន់អាចបន្តបាន។
ប៉ុន្តែភាគច្រើននៃជំនួយសង្គ្រោះបន្ទាន់នោះ យ៉ាងហោចណាស់ក៏ត្រូវផ្អាកជាបណ្តោះអាសន្នដែរ នៅពេលអង្គការមនុស្សធម៌ស្វែងរកភាពច្បាស់លាស់ពីកម្មវិធីជំនួយដែលត្រូវអនុញ្ញាតឱ្យបន្ត។ បន្ថែមពីលើបញ្ហានេះ គឺជាចំណាត់ការរបស់លោក Trump ក្នុងសប្តាហ៍នេះ ក្នុងការបិទភ្នាក់ងារផ្តល់ជំនួយសង្គ្រោះចម្បងរបស់រដ្ឋាភិបាលអាមេរិក គឺទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។
មកទល់ពេលនេះ អាមេរិក គឺជាអ្នកផ្តល់ជំនួយសង្គ្រោះទុរ្ភិក្សដ៏ធំបំផុតរបស់ពិភពលោក។ អតីតមន្ត្រីអង្គការ USAID និយាយថា ជំនួយស្បៀងអាហារអាមេរិក ៥០០.០០០តោន តម្លៃ ៣៤០លានដុល្លារ បានជាប់គាំងក្នុងការដឹកជញ្ជូន ឬកន្លែងផ្ទុក ដែលបញ្ហាទាំងនេះបានបំផ្លាញកិច្ចប្រឹងប្រែងសកលក្នុងការកាត់បន្ថយភាពអត់ឃ្លាន៕
Leave a Reply