(ពោធិ៍សាត់)៖ តំបន់ការពារធម្មជាតិ មិនត្រឹមតែជាជម្រកដ៏សុខសាន្ត សម្រាប់ធនធានព្រៃឈើ និងសត្វព្រៃនោះទេ ក៏មានសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិ ដែលសម្រាប់ការលំហែបៃតង។ នៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានបង្កប់នូវតំបន់សក្តានុពលទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង ដូចជា ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានកម្ពស់១៦៣៥ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ។
បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះថា បើអ្នកទេសចរចង់ធ្វើដំណើរទៅកម្សាន្តតំបន់ទេសចរណ៍ដ៏ល្អប្រណិតទាំងនេះ យើងត្រូវធ្វើដំណើរពីភ្នំពេញ ទៅកាន់ខេត្តពោធិ៍សាត់ រួចបន្តដំណើរទៅកាន់ភ្នំ១៥០០ តាមផ្លូវជាតិលេខ៥៥ ចម្ងាយប្រហែល ៣៤០គ.ម ដើម្បីទៅដល់សហគមន៍ភ្នំព្រះ ក្នុងឃុំស្ទឹងកាច់ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ដែរថា អ្នកទេសចរគ្រប់រូបដែលចង់ធ្វើដំណើរកម្សាន្តបែបទេសចរណ៍ផ្សងព្រេងមួយនេះត្រូវដំណើរឡើងលើភ្នំគឺ មានចម្ងាយប្រហែលជាង ៨គីឡូម៉ែត្រ ពីភ្នំ១៥០០ ដោយធ្វើដំណើថ្មើជើងប្រហែលជា ៥ទៅ៦ម៉ោងអាស្រ័យទៅលើអ្នកដំណើរដើរយឺត ឬដើរលឿន។
ដោយឡែកទាក់ទិនក្នុងរឿងនេះដែរ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់បានឱ្យដឹងថាតំបន់ភ្នំខ្នងព្រះសម្បូរទៅដោយរុក្ខជាតិ ចម្រុះច្រើនប្រភេទ ដែលអ្នកទេសចរក្រៅពីអាចទស្សនារុក្ខជាតិ តាមតំបន់ព្រៃភ្នំ ថែមទាំងអាចទស្សទេភាពព្រៃភ្នំដ៏ស្រស់ត្រកាល ពុំមានកន្លែងផ្សេងដូច។
លោកប្រធានមន្ទីរបានលើកឡើងថា ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើង ឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែ ហាក់ដូចជាមិនហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ។
លោកបានលើកឡើងថា៖ចំពោះផ្លូវឡើងទៅលើភ្នំគឺមានថ្មគ្របដណ្តប់ដោយស្លែរ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំងដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយបើទោះបីហត់នឿយ ក្នុងការធ្វើដមណើរការឡើងចុះភ្នំខ្ពស់ទាបជាច្រើនយ៉ាងណាក្តី។
លោក អេង រស្មីបានបញ្ជាក់បន្ថែមថា”បន្ទាប់មកយើងថ្មើជើង ៥ទៅ៨ម៉ោងចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់កន្លែងបោះជំរុំលើភ្នំព្រះ។ចំពោះស្ថានភាពផ្លូវឡើងទៅលើភ្នំគឺថ្ម៨០ភាគរយហើយរុំព័ទ្ធទៅដោយស្លែរ រអិលខ្លាំងខែវស្សា ហើយត្រូវដើរឡើងតាមជ្រលងដងអូរ ចំណោទខ្ពស់ៗ និង ដើរកាត់ព្រៃខ្លះៗ។ នៅតាមផ្លូវសំបូរទៅដោយរុក្ខជាតិ កេសកូល និងផ្កាព្រៃជាច្រើនប្រភេទ ពោរពេញទៅដោយសម្រស់ធម្មជាតិស្រស់ត្រកាលគួរជាទីគយគន់សម្រាប់អ្នកចូលចិត្តធម្មជាតិ ចូលចិត្តឡើងភ្នំ”។
លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវ សហគមន៍ភ្នំព្រះដែលស្ថិតនៅឃុំថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា៖នៅភ្នំខ្នងព្រះ គិតក្នុងឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះមានអ្នកទេសចរបានចូលកម្សាន្តកើនឡើង ដោយពួកគេភាគច្រើនជាយុវជន។
លោកថាតំបន់ទេសចរណ៍ភ្នំព្រះជាទូទៅមានសីតុណ្ហភាពត្រជាក់ដែលធ្វើឱ្យអ្នកទេសចរទទួលអារម្មណ៍ត្រជាក់ ស្រួលខ្លួន ហើយការធ្វើដំណើរមិនសូវនឿយហត់ឡើយ។ក្រៅពីភាពត្រជាក់នេះព្រៃឈើ ជីវចម្រុះ និងសត្វព្រៃគឺត្រូវថែរក្សាបានយ៉ាងល្អ ក្នុងនោះរួមមានទាំងផ្កាចម្រុះដ៏សម្បូរបែបនៅទីន្លែងនេះតែម្តង។
ទាក់ទិនក្នុងរឿងនេះដែរ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងបន្ថែមថាការថែរក្សាបាននូវធនធានធម្មជាតិ មិនត្រឹមតែរក្សាបានលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ប៉ុណ្ណទេ ប៉ុន្តែយើងអាចថែរក្សាគង់វង្សនូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ ដែលវាក៏ជាផ្នែកមួយសម្រាប់ជំរុញដល់សេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើនលូតលាស់ជាបន្តបន្ទាប់។
ជាមួយគ្នានេះមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថានក៏បានបញ្ជាក់បន្ថែមដោយធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ យុវជនចូលរួមដើរកម្សាន្តតាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួមលើកស្ទួយលើវិស័យទេសចរណ៍នៅកម្ពុជា និងកិច្ចការពារនិងអភិរក្សធនធានធម្មធម្មជាតិថែមទៀត។
ឯកឧត្តមធ្វើការជំរុញដល់បណ្តាពលរដ្ឋខ្មែរចូលរួមអភិរក្សព្រៃឈើ សត្វព្រៃ និងចូលរួមដាំដើមឈើឡើងវិញសំដៅធ្វើយ៉ាងណាឱ្យកម្ពុជាក្លាយជាប្រទេសមានគម្របព្រៃច្រើន ដែលជាកេរ្តិ៍តំណែលដល់ក្មេងជំនាន់ក្រោយបន្តទៀត៕
ដោយ៖ម៉ាដេប៉ូ ,រូបភាពក្រុមOB
Leave a Reply