សម្តេចតេជោ ហ៊ុន សែន បង្ហើបរឿងមានអ្នករៀបផែនការវាយ​ប្រហារតាមដ្រូនចូលភូមិគ្រឹះសម្ដេចនៅក្រុងតាខ្មៅ

កណ្ដាល៖សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ប៉ុន្មានសប្តាហ៍​មកនេះ មានការរៀបចំផែនការដើម្បីវាយប្រហារដោយ​យន្តហោះ​គ្មាន​មនុស្សបើក (ដ្រូន) ចូលទៅក្នុងភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ក្នុងគោលបំណងផ្តាច់ជីវិតរបស់​សម្តេច។ ផែនការនេះ ត្រូវបាន សម្តេច ដឹងជាមុន តាមរយៈសារសំឡេងសម្ងាត់ ដែលសម្តេចទទួលបាន ។សម្តេចតេជោ ក៏បានស្នើដល់បរទេសទាំងអស់ ឱ្យមាន ការប្រុងប្រយ័ត្ន​ចំពោះការគាំទ្រណាមួយ លើសកម្មភាពភេរវកម្ម ។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានទម្លាយនូវផែនការ​ដ៏អាក្រក់នេះ។ ទន្ទឹមនេះសម្តេចតេជោ បានផ្តាំផ្ញើទៅអ្នក​មានផែនការ វាយប្រហាដោយដ្រូននោះផងដែរ ដោយការព្រមានថា “អ្នកមាន​ផែនការវាយប្រហារដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់​ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ។ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ”។

ជាមួយនឹងនឹងការលាតត្រដាងផែនការខ្មៅងងឹតនេះ សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីឈ្មោះ​អ្នកពាក់ព័ន្ធ​ក្នុងការរៀបចំផែនការវាយ​ប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេល​ដែល​ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើត​រដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកផែនការនេះជាអំពើភេរវកម្ម ។សម្ដេចបានបញ្ជូនសារទៅជនបរទេសទាំងឡាយ សូមប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ។ សម្តេចតេជោបាន​ស្នើឱ្យបរទេសទាំងអស់ កុំលូក​លាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះថា កម្ពុជា ត្រូវតែគ្រប់គ្រងសន្តិសុខរបស់ខ្លួនឯង ៕
ដោយ៖ វណ្ណលុក