ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នៅព្រឹកថ្ងៃអង្គារនេះ គ្រោះរញ្ជួយដីក្នុងកម្រិត ៥.១រ៉ិចទ័រ បានវាយប្រហារនៅជិតទីក្រុង Ksar el Kebir ភាគខាងជើងប្រទេសម៉ារ៉ុក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ជាសំណាងល្អ គ្រោះមហន្តរាយចុងក្រោយនេះ មិនបានបណ្តាលឱ្យមានមនុស្សស្លាប់ ឬរងរបួស ក៏ដូចជាការខូចខាតធ្ងន់ធ្ងរត្រូវបានគេរាយការណ៍នោះទេ។ គ្រោះរញ្ជួយដីនេះ ត្រូវបានអាជ្ញាធរនិយាយថា បានបង្កការញ័ររញ្ជួយក្នុងចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ក្នុងនោះរួមទាំងរដ្ឋធានីរ៉ាបា។
សូមរម្លឹកថា ក្នុងខែកញ្ញា ឆ្នាំ ២០២៣ គ្រោះរញ្ជួយដីក្នុងកម្រិត ៦.៨រ៉ិចទ័រ បានក្លាយជាគ្រោះមហន្តរាយធម្មជាតិសម្លាប់ជីវិតមនុស្សច្រើនបំផុតនៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីឆ្នាំ ១៩៦០ ដោយវាបានឆក់យកអាយុជីវិតមនុស្សជាង ២.៩០០នាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅភាគខាងត្បូងទីក្រុង Marrakech៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
Leave a Reply