អ៊ីស្រាអែល បានកោះហៅក្រុមបម្រុងយោធាដើម្បីទប់ទល់នឹងការផ្ទុះសង្រ្គាមឡើងវិញនៅដែនដីហ្កាហ្សា ប្រសិនបើក្រុមហាម៉ាស មិនបានបំពេញតាមកាលកំណត់នៅថ្ងៃសៅរ៍ ១៥ កុម្ភៈ នៃការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលបន្ថែមទៀតទេនោះ ខណៈបទឈប់បាញ់ជិតមួយខែមកនេះកាន់តែផុយស្រួយខ្លាំងឡើង។
ការព្រួយបារម្ភថាបទឈប់បាញ់នឹងដួលរលំកំពុងកើនឡើងយ៉ាងតានតឹង បន្ទាប់ពីក្រុមហាម៉ាស ប្រកាសផ្អាកការដោះលែងចំណាប់ថ្នូរបន្ថែមទៀត ខណៈកំហឹងកើនឡើងយ៉ាងក្ដៅគគុកនៅក្នុងពិភពអារ៉ាប់ ជុំវិញផែនការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ឱ្យសហរដ្ឋអាមេរិក កាន់កាប់តំបន់ហ្កាហ្សា តាំងទីលំនៅថ្មីឱ្យប្រជាជនប៉ាឡេស្ទីន និងសាងសង់រមណីយដ្ឋានឆ្នេរអន្តរជាតិ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានព្រមានកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងបន្ត “ការប្រយុទ្ធដ៏ខ្លាំងក្លា” ឡើងវិញ បើក្រុមហាម៉ាស មិនបំពេញតាមកាលកំណត់ ដោយបន្ថែមថា លោកបញ្ជាឱ្យយោធាប្រមូលផ្តុំកងកម្លាំងនៅក្នុង និងជុំវិញតំបន់ហ្កាហ្សា ហើយយោធាក៏បានប្រកាសថា ខ្លួនកំពុងដាក់ពង្រាយកងកម្លាំងបន្ថែមទៅកាន់ភាគខាងត្បូងរបស់អ៊ីស្រាអែល នៅជិតតំបន់ហ្កាហ្សា រួមទាំងការចល័តក្រុមទាហានបម្រុងផងដែរ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយថា បទឈប់បាញ់នេះគឺសំដៅនាំមកនូវការដោះលែងចំណាប់ថ្នូរយ៉ាងឆាប់រហ័ស ដែលត្រូវបានឃុំខ្លួនក្នុងស្ថានភាពដ៏លំបាកនៅក្នុងតំបន់ហ្កាហ្សា ដោយព្រមានថា “ប្រសិនបើក្រុមហាម៉ាស បញ្ឈប់ការដោះលែងចំណាប់ថ្នូរ នោះពុំមានបទឈប់បាញ់ទេ មានតែសង្រ្គាមប៉ុណ្ណោះ”៕
Leave a Reply