រោងចក្រផលិតសំបកកង់រថយន្ត double star ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសស្រុកស្នួល ខេត្តក្រចេះ បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកប្រមាណពី៥ ទៅ៦ម៉ឺនតោន ក្នុង១ឆ្នាំៗ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិត កម្មសំបកកង់រថយន្តនៅក្នុងរោងចក្រនេះផ្ទាល់ និងបានផ្តល់ឱកាសការងារជូនពលរដ្ឋខ្មែរប្រមាណជាង ៨០ភាគ ក្នុងចំណោមកម្មករនិយោជិតដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ។ នេះបើតាមការឱ្យដឹងពីអ្នកគ្រប់គ្រងរោងចក្រផលិតសំបកកង់រថយន្ត double star ជាជនជាតិចិន ក្នុងឱកាសដែលក្រុម អ្នកសារព័ត៌មានជាង៥០នាក់មកពីជាង២០ស្ថាប័នដឹកនាំដោយលោក ពុយ គា ប្រធានក្លិបអ្នកកាសែត កម្ពុជាចុះធ្វើទស្សនកិច្ចស្វែងយល់អំពីដំណើរការនៃការផលិតរបស់រោងចក្រ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមជម្រាបជូនថា រោងចក្រផលិតសំបកកង់រថយន្ត double star គឺជារោងចក្ររបស់ក្រុមហ៊ុនមកពីប្រទេសចិនមានឈ្មោះថា Newbustar ដែលជាអ្នកផលិតសំបកកង់ដ៏ធំលំដាប់ទី២នៅប្រទេសចិនបានសម្រេចចិត្តមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃស្រុកស្នួល ខេត្តក្រចេះ ក្នុងដំណាក់កាលដំបូងនូវទុនវិនិយោគ ២០០ លានដុល្លារអាមេរិក និងបានសម្រេចទទួលយកផលិតផលជ័រកៅស៊ូក្នុងស្រុកដើម្បីបម្រើឱ្យសេចក្តីត្រូវការនៃរោងចក្ររបស់ខ្លួនក្នុង១ឆ្នាំៗប្រមាណពី៥ ទៅ ៦ម៉ឺនតោន ព្រមទាំងបានប្រើប្រាស់កម្លាំងពលកម្ម ជាប្រជាជនកម្ពុជាប្រមាណជាង៨០ភាគរយ គឺមានជាង១៧០០នាក់ ហើយចំពោះសំបកកង់រថយន្តដែលរោងចក្រផលិតបានភាគច្រើនបំផុតនាំទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារសហគមន៍អឺរ៉ុប រួមទាំងបណ្តាប្រទេសមួយចំនួនទៀតនៃពិភពលោក។
ក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានថ្លែងថា នេះគឺមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា ដែលមានរោងចក្រផលិតសំបកកង់រថយន្តក្រោមការបណ្តាក់ទុនពីក្រុមហ៊ុនមកពីបរទេសនោះគឺមកពីប្រទេសចិន ហើយបានសម្រេចទទួលទិញផលិតផលជ័រកៅស៊ូក្នុងស្រុកមកផ្គត់ផ្គង់តម្រូវការនៅក្នុងរោងចក្ររបស់ខ្លួន ដែលនេះគឺជាការរួមចំណែកខាងទីផ្សារដ៏សំខាន់មួយសម្រាប់អ្នកដាំដំណាំកៅស៊ូក្នុងប្រទេសកម្ពុជា។ លោកថា អ្វីដែលសំខាន់ផងដែរនោះ គឺខាងរោងចក្របានផ្តល់នូវឱកាសការងារដល់ពលរដ្ឋខ្មែរប្រមាណជាង៨០ភាគរយ ក្នុងចំណោមកម្មករនិយោជិតរបស់រោងចក្រ ដែលការងារនេះហើយធ្វើឱ្យពួកគាត់ទទួលបានទាំងប្រាក់កម្រៃនៃពលកម្ម ទាំងជំនាញបទពិសោធន៍ការងារថែមទៀតផង៕ ដោយ៖ ចាន់ សុភឿន AKP
Leave a Reply