អ្នកការទូត៖ អាមេរិក បដិសេធមិនចូលរួមគាំទ្រលើញត្តិគាំទ្រអ៊ុយក្រែនរបស់ UN នៅមុនខួបសង្គ្រាម

អ្នកការទូត៖ អាមេរិក បដិសេធមិនចូលរួមគាំទ្រលើញត្តិគាំទ្រអ៊ុយក្រែនរបស់ UN នៅមុនខួបសង្គ្រាម
ប្រភពការទូតចំនួនបីបានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក កំពុងបដិសេធមិនចូលរួមគាំទ្រលើពង្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ នៅមុនខួប ៣ឆ្នាំ ចាប់តាំងពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ដែលគាំទ្របូរណភាពទឹកដីរបស់អ៊ុយក្រែន និងទាមទារម្តងទៀតឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួន នៅក្នុងអ្វីដែលអាចជាការផ្លាស់ប្តូរដ៏ធំមួយដោយសម្ព័ន្ធមិត្តលោកខាងលិចដ៏មានឥទ្ធិពលបំផុតមួយនេះ លើបញ្ហាអ៊ុយក្រែន។
ប្រភពពីរផ្សេងទៀតបានប្រាប់រ៉យទ័រថា ទីក្រុងវ៉ាស៊ីនតោន ក៏បានជំទាស់នឹងឃ្លាមួយនៅក្នុងសេចក្តីថ្លែងការណ៍ដែលក្រុមប្រទេសទាំងប្រាំពីរ G7 គ្រោងនឹងដាក់ចេញនៅសប្តាហ៍ក្រោយ ដែលនឹងថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ី។
ការបដិសេធរបស់អាមេរិក ក្នុងការមិនយល់ព្រមលើឃ្លាដែលត្រូវបានប្រើប្រាស់ជាប្រចាំដោយអង្គការសហប្រជាជាតិ និង G7 ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ នេះ កើតឡើងស្របពេលមានជម្លោះពាក្យសម្ដីកាន់តែធំរវាងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែន បានប្រើប្រាស់ខួបថ្ងៃទី២៤ ខែកុម្ភៈ នៃសង្រ្គាមអ៊ុយក្រែន ដើម្បីរំលឹកឡើងវិញនូវការថ្កោលទោសរបស់ពួកគេចំពោះប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី ប៉ុន្តែនៅឆ្នាំនេះ គេមិនច្បាស់ទេថាតើសហរដ្ឋអាមេរិក នឹងប្រើប្រាស់វិធីសាស្រ្តដដែលនោះ ឬយ៉ាងណាឡើយ៕