ក្រសួងពាណិជ្ជកម្មចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់យកការដំឡើងពន្ធជាឧបករណ៍បង្ខិតបង្ខំ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែឈប់យកបញ្ហាការដំឡើងពន្ធមកដាក់មុខ និងប្រើប្រាស់ជាឧបករណ៍បង្ខិតបង្ខំ ទៀតទៅ។

ក្រសួងពាណិជ្ជកម្មចិន ជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់យកការដំឡើងពន្ធជាឧបករណ៍បង្ខិតបង្ខំ
ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា សហរដ្ឋអាមេរិកគួរតែឈប់យកបញ្ហាការដំឡើងពន្ធមកដាក់មុខ និងប្រើប្រាស់ជាឧបករណ៍បង្ខិតបង្ខំ ទៀតទៅ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក ហ៊ើយ៉ាតុង(He Yadong) បានលើកឡើងបែបនេះ ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការប្រកាសនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិកដែលថាខ្លួននឹងដំឡើងពន្ធបដិការ ឬការដំឡើងពន្ធទៅវិញទៅមកដែលមានកម្រិតស្មើគ្នា លើបណ្ដាដៃគូពាណិជ្ជកម្មរបស់ខ្លួន។ លោកបានបន្តថា ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ពាណិជ្ជកម្មអន្តរជាតិគឺផ្អែកលើធនធានរបស់ប្រទេសនីមួយៗ និងគុណសម្បត្តិរវាងគ្នានឹងគ្នា ហើយមានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចពិភពលោក និងពង្រឹងសុខុមាលភាពរបស់ប្រជាជននៅទូទាំងពិភពលោក។
លោកបាននិយាយថា ការដំឡើងពន្ធបដិការ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក បំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយមិនគោរពតុល្យភាពនៃផលប្រយោជន៍ដែលបានបង្កើតឡើងតាមរយៈការចរចាពាណិជ្ជកម្មពហុភាគីជិត ៨០ឆ្នាំ។ វិធីសាស្រ្តរបស់សហរដ្ឋអាមេរិកក៏ពុំបានអើពើដែរចំពោះផលប្រយោជន៍សំខាន់ៗនៃពាណិជ្ជកម្មអន្តរជាតិដែលប្រទេសនេះទទួលបានជាយូរណាស់មកហើយ ដែលជាឧទាហរណ៍ឯកតោភាគី និងលទ្ធិគាំពារនិយម។
លោកបាននិយាយថា ទង្វើរបស់អាមេរិកនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលពឹងផ្អែកលើគោលការណ៍ ដូចជាគោលការណ៍របស់ប្រទេសនានាដែលមានការពេញចិត្តបំផុត ហើយនឹងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។លោកថាសង្រ្គាមពាណិជ្ជកម្មនេះគ្មានអ្នកឈ្នះទេ៕