ប្រជាពលរដ្ឋជាង៤០០០គ្រួសារនៅស្រុកចុងកាល់ ទទួលបាន​សេវាព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

ឧត្តរមានជ័យ៖ អនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យ​ស្ម័គ្រចិត្តយុវជសម្តេចតេជោ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដើម្បីដឹកនាំក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ចុះពិនិត្យនិងព្យាបាលជំងឺទូទៅ ផ្ទាល់ជូនប្រជាពលរដ្ឋជាង ៤០០០គ្រួសារដោយឥតគិតថ្លៃ នៅក្នុងវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ស្ថិតក្នុង ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បាននាំ​ប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន និង សម្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋ​ទាំង​អស់ ដែលបានមកទទួលសេវាព្យាបាលជំងឺដោយ​ឥតគិតថ្លៃនា​ពេលនេះ។

នេះជាលើក១ហើយ សម្រាប់ការដឹកនាំក្រុមគ្រូពេទ្យចុះមក​ព្យាបាល​ជូនប្រជាពលរដ្ឋនៅ ខេត្តឧត្តរមានជ័យ។លោកជំទាវ​បន្តថា នៅក្នុងអាណត្តិថ្មីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងជំរុញវិស័យសុខាភិបាល​ផ្នែកសង្រ្គោះបន្ទាន់ក្នុងការព្យាលជំងឺជូនប្រជាពលរដ្ឋ ទៅដល់ភូមិ ឃុំ តែម្តង។ជាក់ស្តែងពេល នេះលោកជំទាវបានដឹកនាំក្រុម​គ្រូពេទ្យ​​ជំនាញជាង ៤០០នាក់ ចុះមកព្យាបាលជូន លោកយាយ លោកតា អ៊ុ ពូ មីង ប្រកបដោយស្នាមញញឹម។

សូមជម្រាបថា សកម្មភាពព្យាបាលថ្ងៃនេះ បានពិនិត្យនិង​ព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ពិនិត្យអេកូ និងរោគស្រ្តី ជំងឺបេះដូង ជំងឺភ្នែក វះកាត់តូច ជំងឺឫសដូងបាត ជំងឺសន្លាក់ ជំងឺសើស្បែក ជំងឺត្រចៀក ច្រមុះ បំពង់ក ថតកាំរស្មី ពិនិត្យឈាម ។ករណីអ្នកជំងឺណាមានអាការៈធ្ងន់ធ្ងរ នឹងបញ្ជូនទៅព្យាបាល​បន្តនៅភ្នំពេញ ក្រោមការឧបត្ថម្ភទាំងស្រុងពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។

អភិបាលខេត្តឧត្តរមានជ័យឯកឧត្តម មាន ចាន់យ៉ាដា តំណាង​ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល បានគោរពថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិត និងក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្តទាំងអស់ ដែលបានជួយព្យាបាលជំងឺដោយមិនគិតថ្លៃនា​​ពេលនេះ។

ក្នុងឱកាសនេះដែរលោកជំទាវបណ្ឌិត បានចែកកាបូបស្ពាយ​ដល់សិស្សប្រមាណ ២០០នាក់ដែលជាអំណោយ​ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ផង៕
ដោយ៖ឡុង សំបូរ