ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប។

សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ គឺជា គ្រឹះស្ថានឧត្តមសិក្សា ឯកជន ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ៦៣ អនក្រ.បក ចុះ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៦ ។ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យ ឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងអប់រំ យុវជន និងកីឡា និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់ រាជរដ្ឋាភិបាលកម្ពុជា សាកល វិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀបានរៀបចំចក្ខុវិស័យ បេសកកម្ម ផែនការយុទ្ធសាស្ត្រ ផែនការបណ្តុះបណ្តាល និងផែនការសកម្មភាពច្បាស់លាស់ ដើម្បី បណ្ដុះបណ្ដាល កម្មវិធីអប់រំកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ប្រកបដោយ គុណភាពមាន ឥរិយាបថល្អ ឆ្លើយតបទៅនឹងទីផ្សារការងារជាតិ និងអន្តរជាតិ សំដៅចូលរួមអភិវឌ្ឍ ប្រទេសជាតិ។

ជាមួយគ្នានេះ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀមានក្រុមប្រឹក្សាភិបាល បុគ្គលិកគ្រូបង្រៀនសរុបចំនួន ៣៥៩នាក់(នារី ៨៤នាក់) និងនិស្សិតកំពុងសិក្សាសរុបចំនួន ៥.៣២៧នាក់(នារី ៣.២៩៨នាក់)៕ ផ្សាយ៖ កន ចំណាន