សហរដ្ឋអាមេរិកនៅថ្ងៃពុធទី ៥ មីនាសប្ដាហ៍នេះ បានបញ្ជាក់ពីកិច្ចចរចាដោយផ្ទាល់មិនធ្លាប់មានជាមួយក្រុមហាម៉ាសលើចំណាប់ខ្មាំង ខណៈអ៊ីស្រាអែល បានគំរាមបន្តយុទ្ធនាការយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។
សេតវិមានបាននិយាយថា បេសកជនរបស់លោកប្រធានាធិបតី Donald Trump ទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង គឺលោក Adam Boehler បានធ្វើកិច្ចពិភាក្សាដែលផ្តោតលើជនជាតិអាមេរិកត្រូវគេជឿថាមាន៥នាក់ ក្នុងចំណោមចំណាប់ខ្មាំងដែលនៅសេសសល់នៅតំបន់ហ្កាហ្សា។
អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មានថា “អ៊ីស្រាអែលត្រូវបានពិគ្រោះយោបល់លើបញ្ហានេះ” ។
លោកស្រីបាននិយាយថា ការសន្ទនា និងការនិយាយទៅកាន់មនុស្សជុំវិញពិភពលោក ដើម្បីធ្វើអ្វីដែលជាផលប្រយោជន៍ល្អបំផុតរបស់ប្រជាជនអាមេរិក គឺជាអ្វីមួយដែលប្រធានាធិបតីជឿថាត្រឹមត្រូវ។
សហរដ្ឋអាមេរិកបានបដិសេធមិនទាក់ទងដោយផ្ទាល់ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចាប់តាំងពីចាត់ទុកក្រុមនេះជាអង្គការភេរវករក្នុងឆ្នាំ ១៩៩៧។ ប៉ុន្តែលោកស្រី Leavitt បាននិយាយថាបេសកជនទទួលបន្ទុកចំណាប់ខ្មាំងក្នុងតួនាទីរបស់លោក មានសិទ្ធិនិយាយជាមួយនរណាម្នាក់ ។
ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលត្រូវបានពិគ្រោះ និងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាប្រទេសនេះ បានបញ្ចេញមតិរបស់ខ្លួន លើកិច្ចពិភាក្សាដោយផ្ទាល់។
កិច្ចពិភាក្សានេះត្រូវបានរាយការណ៍ជាលើកដំបូងដោយសារព័ត៌មាន Axios ដែលបាននិយាយថា លោក Boehler បានជួបក្រុមហាម៉ាស នៅប្រទេសកាតា ពិភាក្សាពីចំណាប់ខ្មាំងរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏ជាផ្នែកនៃបទឈប់បាញ់រយៈពេលវែងផងដែរ៕
Leave a Reply