ក្រសួងរ៉ែ អាជ្ញាធរខេត្តពោធិ៍សាត់ សហការជាមួយក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ ដាំដើមឈើស្តារឡើងវិញក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង

ពោធិ៍សាត់ ៖ នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ នៅសាលាខេត្តពោធិ៍សាត់ មានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីអំពីផែនការក្នុងការដាំដើមឈើស្ដារឡើងវិញ តាមតំបន់ដែលរងការកាប់ទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល , ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត , តំណាងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី និងអង្គភាព-មន្ទីរជំនាញពាក់ព័ន្ធ ។

ឯកឧត្តម ខូយ រីដា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្រុមហ៊ុនរ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី តាមរយៈក្រសួងរ៉ែនិងថាមពល បានចូលរួមចំណែកជាមួយ អាជ្ញាធរខេត្ត ក្នុងការដាំស្តារដាំដើមឈើស្ដារឡើងវិញ ។ ឯកឧត្តម ខូយ រីដា បានជម្រាបជូនថា ដីដែលដកហូតបានពីជនប្រព្រឹត្តបទល្មើស កាប់ទន្ទ្រានដីព្រៃខុសច្បាប់ សរុបមានចំនួនជិត៤ម៉ឺនហិកតា ជាជំហ៊ានដំបូង រដ្ឋបាលខេត្តមានផែនការដាំស្តារព្រៃឡើងវិញប្រមាណ២ម៉ឺនហិកតាតាមតំបន់និងទីតាំងសំខាន់ៗជាពិសេសចំណុចផ្លូវអន្ទង់អាំង ស្រុកវាលវែង ចាប់ពីជើងភ្នំ១៥០០ឡើងទៅដែលជាតំបន់ទេសចរណ៍ធម្មជាតិ និង៣គោលដៅផ្សេងទៀតនៅក្នុងស្រុកភ្នំក្រវាញ។

លោកនូច វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) នៅកម្ពុជា និងលោកស្រី Melinda Malkiewycz ទទួលបន្ទុកផ្នែកសង្គមនិងបរិស្ថានបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយក្នុងការចូលរួមស្តារ

បរិស្ថានឡើងវិញនេះ។ កន្លងមកក្រុមហ៊ុនក៏បានចូលរួមដាំដើមឈើឡើងវិញនៅតំបន់ផ្សេងបានជាង១ម៉ឺនប្រាំពាន់

ដើម។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា បានលើកឡើងថា ឯកឧត្តម កែវ រតនៈ បានជម្រុញការដាំដើមឈើស្តារឡើងវិញនេះអោយបានឆាប់រហ័ស គឺត្រូវដាំក្នុងរដូវភ្លៀងធ្លាក់នេះ ហើយពេលដាំរួចមិនត្រូវទុកចោលនោះទេ ត្រូវថែរក្សាឲ្យបានលូតលាស់ល្អ បើមិនដូច្នេះទេមិនទទួលបានជោគជ័យនោះឡើយ។ ជាមួយគ្នានោះក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ ឯកឧត្តម កែវ រតនៈ បានផ្តួចផ្តើមឲ្យមានយុទ្ធនាការដាំដើមឈើ ដូចជាដើមក្ងោកជាដើម តាមដងផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិ សំខាន់ៗផ្សេងទៀតក្នុងខេត្ត និងផ្លូវតាមភូមិ-ឃុំ ដោយយុទ្ធនាការដាំដើមឈើនេះ ក្នុងគោលបំណងផ្សារភ្ជាប់ការរស់នៅជាមួយបរិស្ថាន និងដើម្បីសោភ័ណ្ឌភាព ឃុំស្រុកយើង ជាពិសេសគឺដើម្បីឱ្យយុវជន យល់ច្បាស់អំពី សារៈសំខាន់នៃដើមឈើ ហើយបច្ចុប្បន្ននេះ ក្រុមការងារតាមបណ្តាល ស្រុក-ក្រុង ឃុំ-សង្កាត់ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាពិសេសយុវជន បានធ្វើការដាំជាបន្តបន្ទាប់ ។ បន្ទាប់ពីចប់កិច្ចប្រជុំ ខេត្តពោធិ៍សាត់ និងក្រុមហ៊ុនរុករករ៉ែមាស រ៉ឺនេសង់ មីនើរ៉ល (Renaissance Minerals) របស់ប្រទេសអូស្ត្រាលី បានអញ្ជើញទៅមើលទីតាំងដាំដើមឈើស្ដារឡើងវិញ នៅស្រុកភ្នំក្រវាញនិងស្រុកវាលវែង ដើម្បីត្រៀមលក្ខណៈដាំក្នុងពេលឆាប់ៗនេះ ៕