[BREAKING NEWS] លោក Mark Carney ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីជាប់ឆ្នោតរបស់កាណាដា ខណៈមានសង្រ្គាមពាណិជ្ជកម្មជាមួយអាមេរិក

លោក Mark Carney ត្រូវបានបោះឆ្នោតជ្រើសរើសជាមេដឹកនាំមកពីគណបក្សសេរីនិយមរបស់ប្រទេសកាណាដា ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញរយៈពេលមួយខែ ដើម្បីជំនួសលោកនាយករដ្ឋមន្ត្រី Justin Trudeau។

ឥឡូវនេះរូបលោកនឹងត្រូវគេរំពឹងថានឹងដឹកនាំគណបក្សនេះចូលទៅក្នុងការបោះឆ្នោតសហព័ន្ធបន្ទាប់ ដែលត្រូវតែធ្វើឡើងមុនខែតុលា ប៉ុន្តែអាចត្រូវបានគេអំពាវនាវឲ្យរៀបចំឡើងមុននោះ ដែលរូបលោកទំនងជាប្រឈមនឹងការប្រកួតប្រជែងដ៏តឹងរ៉ឹងពីគណបក្សអភិរក្ស ដែលបច្ចុប្បន្នកំពុងនាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត។

ខណៈលោក Carney នឹងចូលកាន់តំណែងភ្លាមៗជាមេដឹកនាំគណបក្សសេរីនិយម លោក Trudeau នឹងនៅតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាណាដាសម្រាប់រយៈពេលអន្តរកាល ដែលមិនទាន់បង្ហាញនៅឡើយ ខណៈអ្នកបន្តវេនរូបនេះ ចាប់ផ្ដើមឃោសនា។

មួយក្នុងចំណោមបញ្ហាដ៏ធំបំផុតជាច្រើនសម្រាប់លោក Carney គឺទំនាក់ទំនងដ៏ជូរចត់របស់ប្រទេសជាមួយសហរដ្ឋអាមេរិក។

ក្នុងការអត្ថាធិប្បាយដំបូងរបស់លោក ក្រោយចេញលទ្ធផលឆ្នោត លោក Carney បានសំដៅដល់ភាតានតឹងជាមួយសហរដ្ឋអាមេរិក ដោយនិយាយថា រដ្ឋាភិបាលរបស់លោក នឹងបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីជាមួយដៃគូដែលអាចទុកចិត្តបាន។ លោកក៏បានប្ដេជ្ញារក្សាការដំឡើងពន្ធសងសឹកលើសហរដ្ឋអាមេរិកផងដែរ លុះត្រាតែអាមេរិក បង្ហាញការគោរពចំពោះកាណាដា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *