លោក Trump៖ អ្នកដែលត្រូវបានចាប់ខ្លួនជុំវិញការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានកាពីតូល គួរតែត្រូវបានដោះលែងភ្លាមៗ

​លោក Donald Trump បាននិយាយកាលពីថ្ងៃសុក្រទី ២៨ ខែមិថុនាថា អ្នកគាំទ្ររបស់លោក ដែលត្រូវបានកាត់ទោសសម្រាប់សកម្មភាពរបស់ពួកគេនៅក្នុងការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ លើវិមានកាពីតូលសហរដ្ឋអាមេរិក គួរតែត្រូវបានដោះលែង ដោយសំអាងដល់សេចក្តីសម្រេចរបស់តុលាការកំពូល ពាក់ព័ន្ធទៅនឹងទៅនឹងសកម្មភាពកុបកម្ម គឺជាបទចោទប្រកាន់ ដែលលោក Trump ត្រូវប្រឈមមុខផងដែរ។

ថ្លែងនៅក្នុងការប្រមូលផ្តុំយុទ្ធនាការមួយក្នុងរដ្ឋ Virginia អតីតប្រធានាធិបតីរូបនេះ បានចង្អុលទៅរកសេចក្តីសម្រេច កាលពីថ្ងៃសុក្រ ដែលបានលើកឡើងពីរបាំងផ្លូវច្បាប់សម្រាប់រដ្ឋអាជ្ញា ដែលបន្តការចោទប្រកាន់ពីបទរារាំង នៅក្នុងសំណុំរឿងធ្វើវិទ្ធង្សនាក្នុងការបោះឆ្នោតសហព័ន្ធប្រឆាំងលោក Trump និងចុងចោទដែលពាក់ព័ន្ធទៅនឹងការវាយប្រហារ។

លោក Trump បាននិយាយបន្តុះបង្អាប់ជាច្រើន ចំពោះការនិយាយពុំបានល្អរបស់ប្រធានាធិបតី លោក Joe Biden ក្នុងអំឡុងពេលជជែកដេញដោល កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។

បន្ទាប់ពីការនិយាយពុំបានល្អរបស់លោក Biden នៅក្នុងការជជែកដេញដោលជាមួយអតីតប្រធានាធិបតី លោក Donald Trump សមាជិកគណបក្សប្រជាធិបតេយ្យមួយចំនួន បានចោទសួរដោយបើកចំហថាតើ លោកគួរតែត្រូវបានជំនួសដោយបេក្ខជនណាមួយរបស់ពួកគេដែរឬទេ សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៤ នេះ។