Trudeau មោទនភាពក្រោយលែងធ្វើនាយករដ្ឋមន្ត្រីកាណាដា

បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសកាណាដា ដែលចាកចេញពីតំណែងបាននិយាយថា លោកមានមោទនភាព ដែលបានបម្រើប្រទេសកាណាដា នៅថ្ងៃចុងក្រោយរបស់លោក នៅក្នុងតំណែងនេះ។

លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា ផុតតំណែងរូបនេះ បាននិយាយថា លោកមានមោទនភាព ដែលបានបម្រើប្រទេសមួយ ដែលពោរពេញទៅដោយមនុស្ស ដែលក្រោកឈរឡើង សម្រាប់អ្វីដែលត្រឹមត្រូវ។ នៅក្នុងសារជាវីដេអូ កាលពីថ្ងៃព្រហស្បតិ៍ លោក Justin Trudeau បាននិយាយថា «នេះប្រហែលជាថ្ងៃចុងក្រោយរបស់ខ្ញុំ នៅទីនេះ នៅក្នុងការិយាល័យនេះ ប៉ុន្តែ ខ្ញុំនឹងតែងតែ ជាជនជាតិកាណាដា យ៉ាងក្លាហាន និងដោយគ្មានការអភ័យទោស»។

លោក Justin Trudeau គឺជាថ្នាក់ដឹកនាំ ដែលប្រឆាំងខ្លាំងក្លា លើការគំនាបពន្ធ របស់លោក Trump និងការចង់បានកាណាដា ធ្វើជារដ្ឋទី៥១របស់អាមេរិក។ លោកបានលើកឡើងថា «អ្វីដែលគាត់ចង់ឃើញ គឺការដួលរលំទាំងស្រុងនៃសេដ្ឋកិច្ចកាណាដា» ពោលគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសពន្ធ ២៥ភាគរយ លើផលិតផលទាំងអស់ ពីប្រទេសកាណាដា។

នៅក្នុងសុន្ទរកថារបស់លោក កាលពីសប្តាហ៍មុន លោក Trudeau បានប្តេជ្ញាថា កាណាដានឹងមិនត្រូវបានដាក់បញ្ចូល ជារបស់អាមេរិក ដាច់ខាត។ លោកបានមានប្រសាសន៍ថា «វានឹងមិនកើតឡើងនោះទេ… យើងនឹងមិនក្លាយជារដ្ឋទី៥១ នោះទេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


Comments

Leave a Reply

Your email address will not be published. Required fields are marked *