លោកPutin នឹងអនុញ្ញាតឱ្យទាហានអ៊ុយក្រែននៅតំបន់ Kursk រស់ជីវិត ប្រសិនបើពួកគេចុះចាញ់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន ទុកជីវិតឲ្យកងទ័ពអ៊ុយក្រែន ដែលរុស្ស៊ីកំពុងវាយរុញច្រានចេញពីតំបន់ Kursk របស់ខ្លួន ជាការអំពាវនាវដែល លោកពូទីន បាននិយាយថា លោកនឹងយល់ព្រម ប្រសិនបើពួកគេចុះចាញ់។

លោក Trump បានបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមបន្ទាប់ពីបេសកជនរបស់លោក គឺលោក Steve Witkoff បានជួបប្រជុំរយៈពេលយូរ ជាមួយ លោក ពូទីន កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅទីក្រុងមូស្គូដែលលោក Trump បានពិពណ៌នាថា «ល្អប្រសើរ និងមានផ្លែផ្កា» ។

លោក Trump បាននិយាយដោយសំដៅលើសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដែលអ៊ុយក្រែនទទួលយកក្នុងសប្តាហ៍នេះ ហើយកំពុងស្ថិតក្រោមការពិចារណារបស់រុស្ស៊ីថា «មានឱកាសល្អ ដែលសង្រ្គាមបង្ហូរឈាមដ៏អាក្រក់នេះ អាចឈានដល់ទីបញ្ចប់»។

ប្រធានាធិបតីសហរដ្ឋអាមេរិក បាននិយាយថា យោធារុស្ស៊ីបាន «បានហ៊ុមព័ទ្ធទាំងស្រុង» ទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅក្នុងតំបន់ Kursk ដែល «ស្ថិតក្នុងស្ថានភាពអាក្រក់ និងងាយរងគ្រោះ»។ លោកត្រាំ បញ្ជាក់ថា «ខ្ញុំ បានស្នើសុំយ៉ាងមុតមាំទៅកាន់ប្រធានាធិបតី លោក ពូទីន ទុកជីវិតឱ្យពួកគេ។ នេះគឺជាការសម្លាប់រង្គាលដ៏អាក្រក់មិនធ្លាប់មានតាំងពីសង្គ្រាមលោកលើកទីពីរ»។

លោកពូទីន បានចោទប្រកាន់កងទ័ពអ៊ុយក្រែន ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងជនស៊ីវិលនៅក្នុងតំបន់ Kursk ជាអ្វីដែលទីក្រុង Kyiv ច្រានចោល។ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកយល់ពីការអំពាវនាវរបស់លោក Trump ឲ្យគិតគូរអំពីមនុស្សធម៌។

លោកពូទីន បាននិយាយថា ក្នុងន័យនេះ លោកចង់បញ្ជាក់ថា ប្រសិនបើកងទ័ពអ៊ុយក្រែន ដាក់អាវុធចុះនិងចុះចាញ់ ពួកគេនឹងត្រូវធានាបានថានៅមានជីវិតរស់នៅ និងការប្រព្រឹត្តសមរម្យ ស្របតាមច្បាប់អន្តរជាតិ និងច្បាប់របស់សហព័ន្ធរុស្ស៊ី៕