ក្រុមប្រដាប់អាវុធហ៊ួទី របស់ប្រទេសយេម៉ែន បានប្ដេជ្ញាកាលពីថ្ងៃអង្គារ (១៨ មីនា) ថា ពួកគេនឹងពង្រីកគោលដៅវាយប្រហាររបស់ខ្លួនលើដីអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោង និងប៉ុន្មានថ្ងៃបន្ទាប់ លុះត្រាតែ “ការឈ្លានពាន” លើតំបន់ហ្កាហ្សា ត្រូវបញ្ឈប់។ អ្នកនាំពាក្យយោធារបស់ក្រុមដែលមានសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នេះ ក៏បានបញ្ជាក់ដែរថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋានអាកាសក្នុងអ៊ីស្រាអែល ដោយប្រើមីស៊ីលបាលីស្ទិកមួយគ្រាប់។
ក្រុមហ៊ួទី បានបាញ់យានដ្រូន និងមីស៊ីលម្ដងហើយម្តងទៀត ឆ្ពោះទៅកាន់អ៊ីស្រាអែល នៅក្នុងអ្វីដែលខ្លួនបានពិពណ៌នាថាជាសកម្មភាពនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។
ការបាញ់មីស៊ីលនេះបានធ្វើឡើងបន្ទាប់ពីអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅនានានៅក្នុងតំបន់ហ្កាហ្សា ដែលបានសម្លាប់មនុស្សជាង ៤០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅក្នុងការវាយលុកដ៏បង្ហូរឈាមបំផុតមួយ ដែលបានបញ្ចប់ភាពស្ងប់ស្ងាត់ជាច្រើនសប្តាហ៍ បន្ទាប់ពីកិច្ចរចរចារដើម្បីធានាបាននូវបទឈប់បាញ់ជាអចិន្ត្រៃយ៍បានជាប់គាំង។
ការវាយប្រហារនេះក៏បានកើតឡើងស្របពេលដែលសហរដ្ឋអាមេរិក បង្កើនការវាយប្រហារលើយេម៉ែន ក្នុងបំណងបញ្ឈប់សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធមួយនេះ ក្នុងការបៀតបៀន និងរំខានការដឹកជញ្ជូននៅសមុទ្រក្រហម៕
Leave a Reply